ខេត្តកណ្តាល៖ ករណីគ្រោះថ្នាក់អគ្គិភ័យមួយបានកើតឡើងយ៉ាងរន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ដោយសារការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បានឆាបឆេះផ្ទះឈើប្រកស័ង្កសីរបស់ប្រជាពលរដ្ឋអស់ ១ខ្នងទាំងស្រុង នៅក្នុងភូមិព្រែក ឃុំត្រើយស្លា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១:១០ នាទីព្រឹក ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពេជ្រ សាន ភេទប្រុស អាយុ ៣២ឆ្នាំ (ត្រូវជាប្តី) និងប្រពន្ធឈ្មោះ ហាន គុយអេង អាយុ ៣២ឆ្នាំ ជាអាជីវករលក់ដូរ។ គ្រួសារនេះមានសមាជិកសរុបចំនួន ៧នាក់ (ស្រី ៤នាក់ ក្នុងនោះមានកុមារអាយុក្រោម ១៨ឆ្នាំ ចំនួន ៣នាក់)។
ទោះបីជាមិនមានគ្រោះថ្នាក់ដល់អាយុជីវិត ឬបាត់បង់មនុស្សក៏ដោយ ប៉ុន្តែអគ្គិភ័យនេះបានបំផ្លាញទ្រព្យសម្បត្តិ និងសម្ភារប្រកបរបរចិញ្ចឹមជីវិតរបស់គ្រួសាររងគ្រោះស្ទើរតែទាំងស្រុង (១០០%) រួមមាន៖
ផ្ទះឈើប្រកស័ង្កសី ទំហំ ៦x៧ ម៉ែត្រ (ឆេះអស់ទាំងស្រុង) ម៉ូតូគុបមូល ១គ្រឿង, ម៉ូតូអូសរ៉ឺម៉កសម្រាប់លក់ប្រហិត ១គ្រឿង, កង់ ៣គ្រឿង ម៉ាស៊ីនត្រជាក់ ១គ្រឿង, ទូទឹកកក ១គ្រឿង, ម៉ាស៊ីនបោកខោអាវ ១គ្រឿង, ជញ្ជីងប៉ុងធំ ១គ្រឿង, ម៉ាស៊ីនបាញ់ថ្នាំស្វាយ ២គ្រឿង, ម៉ាស៊ីនម៉ាស៊ូតបូមទឹក ១គ្រឿង គ្រែ ៣គ្រឿង, សម្លៀកបំពាក់ និងថវិកាសំខាន់ៗមួយចំនួនទៀត។
ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាជ្ញាធរមូលដ្ឋានដឹកនាំដោយ លោក អេង វណ្ណឌី អភិបាលរងស្រុក រួមជាមួយសមាជិកក្រុមប្រឹក្សាឃុំ, ស្មៀនឃុំ, កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ, មេភូមិ-អនុភូមិ, កម្លាំងប្រជាការពារភូមិព្រែក និងភូមិព្រែកប៉ាន ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបប្រមាណ ១៦០ នាក់ (ស្រី ២៣នាក់) បានរួមកម្លាំងគ្នាយ៉ាងសស្រាក់សស្រាំដើម្បីអន្តរាគមន៍ពន្លត់។
ក្នុងប្រតិបត្តិការនេះ ក្រុមសមត្ថកិច្ច និងប្រជាពលរដ្ឋបានប្រើប្រាស់មធ្យោបាយសរុបរួមមាន៖
រថយន្តពន្លត់អគ្គិភ័យ ចំនួន ១គ្រឿង
ម៉ាស៊ីនបាញ់ថ្នាំស្វាយ (ជួយបាញ់ទឹក) ចំនួន ៤គ្រឿង
ម៉ាស៊ីនសាំងបូមទឹក ចំនួន ១គ្រឿង
ក្រោមការខិតខំប្រឹងប្រែងរួមគ្នា ស្មារតីសាមគ្គីភាពរបស់អាជ្ញាធរ និងអ្នកភូមិ អគ្គិភ័យនេះត្រូវបានគ្រប់គ្រង និងពន្លត់បានសម្រេចដោយជោគជ័យ ដោយមិនបណ្តាលឱ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
អាជ្ញាធរមូលដ្ឋានក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រព័ន្ធអគ្គិសនីក្នុងផ្ទះ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុដូចករណីខាងលើនេះ៕


