ចប់វគ្គសាកល្បង! ក្រុងកំពង់ចាម ចុះកិច្ចសន្យាផ្លូវការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងស្អាត

ចប់វគ្គសាកល្បង! ក្រុងកំពង់ចាម ចុះកិច្ចសន្យាផ្លូវការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងស្អាត

ខេត្តកំពង់ចាម៖ បន្ទាប់ពីបានអនុវត្តសាកល្បងដោយជោគជ័យអស់រយៈពេលជិត ៣ឆ្នាំ (តាំងពីឆ្នាំ២០២៣) រដ្ឋបាលក្រុងកំពង់ចាម និងក្រុមហ៊ុន ស៊ីនទ្រី (CINTRI) បានឈានដល់ការចុះកិច្ចសន្យាជាផ្លូវការលើការគ្រប់គ្រង និងប្រមូលសំរាមក្នុងក្រុង ដើម្បីឆ្លើយតបតាមអនុក្រឹត្យលេខ ១១៣ របស់រាជរដ្ឋាភិបាល។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីអាជ្ញាធរក្រុង តំណាងក្រុមហ៊ុន ស៊ីនទ្រី មន្ទីរជំនាញ និងចៅសង្កាត់ទាំង៤។

ដើម្បីធានាថាក្រុងកំពង់ចាមកាន់តែមានបរិស្ថានស្រស់បំព្រង ក្រុមហ៊ុន ស៊ីនទ្រី បានប្ដេជ្ញាចិត្តយ៉ាងមុតមាំលើចំណុចសំខាន់ៗចំនួន ៣៖

១, បន្ថែមរថយន្តដឹកជញ្ជូន ឧបករណ៍ទំនើបៗ និងកម្លាំងប្រជាជន ដើម្បីប្រមូលសំរាមតាមដងផ្លូវឱ្យអស់ និងទាន់ពេលវេលា។

២, រៀបចំម៉ោងពេលប្រមូលសំរាមតាមសង្កាត់ និងផ្លូវនីមួយៗឱ្យបានទៀងទាត់ ជៀសវាងការទុកសំរាមចោលយូរដែលបង្កក្លិន និងបាត់បង់សោភ័ណភាព។

៣, បង្កើត «ក្រុមការងាររហ័ស» ដើម្បីឆ្លើយតប និងដោះស្រាយរាល់ការអាក់ខាន ឬបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋភ្លាមៗ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា កិច្ចសន្យានេះគឺជាជំហានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ក្នុងការរក្សាកិត្តិនាមជា «ទីក្រុងស្អាត រំដួលបីទង» ច្រើនអាណត្តិជាប់ៗគ្នា។ ឯកឧត្តមក៏បានរំលឹកឱ្យក្រុមហ៊ុនអនុវត្តតាមកិច្ចសន្យាឱ្យបានម៉ឺងម៉ាត់ និងមានការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរក្រុង បន្តស្វែងរកដៃគូវិនិយោគលើការកែច្នៃសំរាមបន្ថែមទៀត ដើម្បីបំប្លែងសំណល់ទាំងនោះឱ្យទៅជាប្រភពចំណូលសេដ្ឋកិច្ចសម្រាប់ក្រុងនាពេលអនាគត៕

img 20260721 150300 741 img 20260721 150300 727 img 20260721 150300 341 img 20260721 150300 854 img 20260721 150300 711 img 20260721 150300 212 img 20260721 150300 763 img 20260721 150300 243 img 20260721 150308 013 img 20260721 150307 912 img 20260721 150307 477 img 20260721 150307 963 img 20260721 150307 674 img 20260721 150307 630 img 20260721 150307 577 img 20260721 150307 828 img 20260721 150307 687 img 20260721 150307 362

Scroll to Top