កណ្ដាល៖ ការថែរក្សាអនាម័យ និងបរិស្ថានសាធារណៈ គឺជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីលើកកម្ពស់សោភ័ណភាព និងសុខុមាលភាពក្នុងសហគមន៍។ ប៉ុន្តែ ទង្វើអសីលធម៌នៃការលួចចោលសំរាមពាសវាលកាល នៅតែបន្តកើតមាន ដែលទាមទារឱ្យមានការចូលរួមដាស់តឿន និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់។
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានគូសរំលេចនូវករណីពលរដ្ឋពីរនាក់ប្ដីប្រពន្ធ (ដែលមានអាសយដ្ឋាននៅឃុំកងតាណឹង) បានជិះម៉ូតូយកស្បោងសំរាមទៅបោះចោលនៅចិញ្ចើមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ។ ទង្វើនេះ មិនត្រឹមតែបំពានច្បាប់អនាម័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការមើលរំលង និងគ្មានការយោគយល់ចំពោះកម្លាំងយុវជនស្ម័គ្រចិត្ត ដែលកំពុងខិតខំប្រឹងប្រែងរើសសំរាម និងសម្អាតបរិស្ថានទាំងតស៊ូនឿយហត់។
ឆ្លើយតបនឹងករណីនេះ ឯកឧត្ដម គួច ចំរើន បានអំពាវនាវយ៉ាងទទូច និងតម្រូវឱ្យសាម៉ីខ្លួន ប្រញាប់មកប្រមូលយកសំរាមនោះចេញទៅវិញឱ្យបានឆាប់រហ័ស និងចូលខ្លួនមកទទួលការផាកពិន័យតាមផ្លូវច្បាប់ នៅសាលាស្រុកមុខកំពូល។
«ទីក្រុង/សហគមន៍ស្អាត ចាប់ផ្តើមចេញពីយើងទាំងអស់គ្នា»ការចោលសំរាមត្រឹមត្រូវ គឺជាការបង្ហាញពីសីលធម៌នៃការរស់នៅ និងការគោរពតម្លៃពលកម្មរបស់អ្នកដទៃ។ សូមកុំឱ្យភាពស្អាតបាតនៅមុខផ្ទះយើង ក្លាយជាបន្ទុក និងការបំពុលនៅមុខផ្ទះ ឬទីសាធារណៈរបស់អ្នកដទៃ។ ចូលរួមបណ្តុះទម្លាប់រស់នៅស្អាត ទុកដាក់សំរាមឱ្យមានរបៀប ដើម្បីកសាងសហគមន៍ស្រស់ស្អាត និងមានអនាម័យល្អទាំងអស់គ្នា៕


