ខេត្តមណ្ឌលគិរី៖ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរសំរាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ រដ្ឋបាលស្រុកកោះញែក សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំកម្មវិធីសិក្សាបំប៉នបន្ថែមដល់សិស្សានុសិស្សថ្នាក់ទី១២ នៅទូទាំងស្រុក។
ជាក់ស្តែង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ពិធីសំណេះសំណាល និងលើកទឹកចិត្តដល់លោកគ្រូ-អ្នកគ្រូស្ម័គ្រចិត្ត និងសិស្សានុសិស្ស ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុក និង លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក និងជាអនុប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្តមណ្ឌលគិរី។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស.ស.យ.ក ស្រុក, លោកស្រីមេឃុំស្រែសង្គម, លោកនាយកវិទ្យាល័យ ហ៊ុន សែន កោះញែក ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ១៥១នាក់។
នាឱកាសនោះ លោក សី ទូច បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ជូនចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ លោកអភិបាលស្រុកក៏បានផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្ស ត្រូវខិតខំយកចិត្តទុកដាក់ក្រសែភ្នែករៀនសូត្រ ថែរក្សាសុខភាពឱ្យបានល្អមាំមួន និងមានស្មារតីរឹងប៉ឹងក្នុងការប្រឡងនាពេលខាងមុខ។
ជាកាយវិការលើកទឹកចិត្ត លោក សី ទូច បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១.០០០.០០០ រៀល សម្រាប់សម្រួលដល់ការហូបចុករបស់សិស្សានុសិស្សក្នុងអំឡុងពេលប្រឡង។ ជាមួយគ្នានេះ គណៈអធិបតីក៏បានប្រគល់ថវិកាឧបត្ថម្ភចំនួន ២.៦៤០.០០០ រៀល (បានមកពីការចូលរួមរបស់ ស.ស.យ.ក ខេត្ត-ស្រុក និងសប្បុរសជន) ជូនដល់លោកគ្រូ-អ្នកគ្រូ ដែលបានលះបង់ពេលវេលាក្នុងការបង្រៀនបំប៉នដល់សិស្សានុសិស្សផងដែរ៕


