ខេត្តតាកែវ៖ តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីកាកោះហៅលោក ឡោ ជំនិត អភិបាលរងស្រុកបាទី ឱ្យចូលខ្លួនមកកាន់សាលាដំបូងខេត្ត ដើម្បីសាកសួរ និងឆ្លើយបំភ្លឺជុំវិញបណ្តឹងព្រហ្មទណ្ឌមួយ ក្រោមការចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត»។
យោងតាមដីកាកោះរបស់សាលាដំបូងខេត្តតាកែវ ដែលប្រភពព័ត៌មានទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា លោក ឡោ ជំនិត ដែលមានតួនាទីជាអភិបាលរងស្រុកបាទី ត្រូវ បានតម្រូវឱ្យចូលខ្លួនមកកាន់នាយកដ្ឋានអយ្យការ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទីព្រឹក។ ការកោះហៅនេះ ធ្វើឡើងដើម្បីសាកសួរដោះស្រាយលើអង្គហេតុ ដែលបានកើតឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ដួង ស្រីលក្ខណ៍។
ជុំវិញករណីខាងលើនេះ ភ្នាក់ងារព័ត៌មានយើងមិនទាន់អាចសុំការអត្ថាធិប្បាយ ឬការបកស្រាយបំភ្លឺណាមួយពីលោក ឡោ ជំនិត បាននៅឡើយទេ គិតត្រឹមថ្ងៃដដែលនេះ។
ទោះជាយ៉ាងណា យោងតាមនីតិវិធីច្បាប់ ការចេញដីកាកោះហៅនេះ គឺជានីតិវិធីបឋមរបស់ស្ថាប័នអយ្យការ ដើម្បីប្រមូលព័ត៌មាន សាកសួរ និងស្វែងរកការពិតពីគ្រប់ភាគីពាក់ព័ន្ធតែប៉ុណ្ណោះ។ ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ភាគីរងការចោទប្រកាន់មានសិទ្ធិពេញលេញក្នុងការការពារខ្លួន និងបង្ហាញភស្តុតាងដោះបន្ទុក ហើយបុគ្គលគ្រប់រូបត្រូវបានសន្មតថាគ្មានទោស រហូតទាល់តែមានសាលក្រមស្ថាពរពីតុលាការ៕


