ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឧបត្ថម្ភអាវកីឡាចំនួន ១៧២អាវ ជូនដល់ក្រុមកីឡាករយុវចាស់ ដែលតែងតែលេងកីឡាជាប្រចាំ នៅទីលានបាល់ទាត់ «ឧត្តមភាព» កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមការផ្សាយលើបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តម នៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ ការផ្តល់ជូនសម្ភារៈកីឡានេះ ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងយុវជនក្នុងសហគមន៍ ឱ្យបន្តចូលរួមលេងកីឡា ដើម្បីពង្រឹងសុខភាព វិន័យខ្លួនឯង និងជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។
តំណាងក្រុមកីឡាករយុវចាស់ដែលទទួលបានអាវកីឡា បានសម្តែងនូវការត្រេកអរ និងថ្លែងអំណរគុណចំពោះការឧបត្ថម្ភនេះ ដែលជាផ្នែកមួយជួយជម្រុញ និងគាំទ្រដល់សកម្មភាពកីឡាក្នុងសហគមន៍ឱ្យកាន់តែមានសកម្មភាពរស់រវើក។
សកម្មភាពនៃការចូលរួមគាំទ្រវិស័យកីឡាក្នុងសហគមន៍នេះ ក៏ជាចំណែកមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡាជាតិ សុខភាពសាធារណៈ និងការកសាងសាមគ្គីភាពក្នុងសង្គមផងដែរ៕


