ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិនសោធននិវត្តន៍ យោធិនពិការ ព្រមទាំងចុះសួរសុខទុក្ខយោធិនកងរាជអាវុធហត្ថដែលមានជំងឺ និងវីរៈកងរាជអាវុធហត្ថឈរជើងនៅសមរភូមិមុខ ដែលកំពុងសម្រាកព្យាបាលនៅក្នុងភូមិសាស្ត្រខេត្តតាកែវ។ កម្មវិធីនេះរៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ នៃទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣–១៤ កក្កដា ២០២៦)។
ពិធីនេះមានការចូលរួមពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន និងអនុប្រធានមន្ទីរទាំង៧ លោកនាយ នាយរង ជំនួយការការិយាល័យទាំងអស់ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ គោលដៅ លោកមេបញ្ជាការកងអនុសេនាធំចល័ត និងយោធិនសោធននិវត្តន៍ យោធិនពិការ ជាច្រើនរូប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានថ្លែងការសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់យោធិនសោធននិវត្តន៍ យោធិនពិការ យោធិនដែលកំពុងមានជំងឺ និងវីរៈកងរាជអាវុធហត្ថដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចការពារសន្តិសុខ សន្តិភាព និងបម្រើប្រទេសជាតិកន្លងមក។
ជាមួយគ្នានេះ លោកមេបញ្ជាការខេត្តក៏បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់យោធិនសោធននិវត្តន៍ យោធិនពិការ យោធិនមានជំងឺ និងវីរៈកងរាជអាវុធហត្ថ ដោយថវិកាសរុបមានចំនួន ១៧,៤៤០,០០០រៀល។ ក្នុងនោះ ថវិកាផ្ទាល់របស់លោកមេបញ្ជាការខេត្តមានចំនួន ១០,១០០,០០០រៀល និងថវិកាពីមូលនិធិមនុស្សធម៌កងរាជអាវុធហត្ថខេត្តចំនួន ៧,៣៤០,០០០រៀល។
ក្រៅពីថវិកា ក៏មានការផ្តល់ជូនគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ៥៥០គីឡូក្រាម ទឹកបរិសុទ្ធ ៣៨កេស ទឹកក្រូច ៣៣កេស ទឹកប៉ូការីស្វេត ៥កេស និងមី ២៥កេស ដើម្បីជួយសម្រួលជីវភាពរស់នៅ និងជាការលើកទឹកចិត្តដល់អតីតយោធិន និងយោធិនដែលកំពុងជួបការលំបាក។
កម្មវិធីនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការដឹងគុណរបស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តតាកែវ ចំពោះការលះបង់ និងស្នាដៃរបស់យោធិនគ្រប់ជំនាន់ ដែលបានរួមចំណែកការពារសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី៣៣ នៃការបង្កើតកងរាជអាវុធហត្ថកម្ពុជា៕


