លោក មឿន មាន បដិសេធការចោទប្រកាន់រឿងរំលោភសេពសន្ថវៈ និងស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវរកយុត្តិធម៌

លោក មឿន មាន បដិសេធការចោទប្រកាន់រឿងរំលោភសេពសន្ថវៈ និងស្នើឱ្យសមត្ថកិច្ចស្រាវជ្រាវរកយុត្តិធម៌

ខេត្តកំពង់ឆ្នាំង៖ លោក មឿន មាន ម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែង បានចេញមុខបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ពីស្ត្រីឈ្មោះ លឹម ស្រីភណ្ឌ ដែលបានប្ដឹងរូបលោកពីបទរំលោភសេពសន្ថវៈ។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវឱ្យបានដិតដល់ ដើម្បីផ្តល់យុត្តិធម៌ដល់រូបលោក។

លោក មឿន មាន បានពន្យល់ថា ការចោទប្រកាន់របស់ស្ត្រីឈ្មោះ លឹម ស្រីភណ្ឌ ដែលថា រូបលោកបានរំលោភសេពសន្ថវៈនាងចំនួន ៤ដងជាប់ៗគ្នានៅក្នុងរោងគោ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម កាលពីអំឡុងពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនោះ គឺជារឿងមិនពិតឡើយ។ ដើម្បីជាសំអាង លោកបានបង្ហាញលិខិតបញ្ជាក់ស្នាក់នៅពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និងសាក្សីជាកម្មករមើលថែគោ ដោយបញ្ជាក់ថា នៅក្នុងអំឡុងពេលនោះ លោកមិនមានវត្តមាននៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ឡើយ ពោលគឺលោកកំពុងស្នាក់នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ម្ចាស់កសិដ្ឋានរូបនេះបានរៀបរាប់ពីប្រវត្តិការងារថា ប្ដីរបស់ស្ត្រីឈ្មោះ លឹម ស្រីភណ្ឌ គឺជាអតីតកម្មករមើលការខុសត្រូវម៉ាស៊ីនកាឡេថង និងម៉ាស៊ីនបូមទឹកនៅក្នុងកសិដ្ឋានរបស់លោក តាំងពីមុនរៀបការម៉្លេះ។ ក្រោយពីរៀបការរួចនៅក្នុងឆ្នាំ២០២៣ ស្រ្តីឈ្មោះ លឹម ស្រីភណ្ឌ តែងតែមកតាមប្ដី និងបានជួយធ្វើការងារប្ដីម្ដងម្កាល ដោយទទួលបានប្រាក់ឧបត្ថម្ភខ្លះៗពីលោក ប៉ុន្តែនាងមិនមែនជាបុគ្គលិកពេញសិទ្ធិប្រចាំខែឡើយ។ លោកបន្ថែមថា ដោយសារតែបុរសជាប្ដីតែងតែសេពគ្រឿងស្រវឹងញឹកញាប់ មិនអាចបំពេញការងារបាន និងធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ លោកក៏បានសម្រេចចិត្តបញ្ឈប់ការងារតាំងពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦មកម៉្លេះ ហើយចាប់តាំងពីពេលនោះមក ភាគីទាំងសងខាងមិនដែលទំនាក់ទំនងគ្នាទៀតឡើយ។

ទាក់ទិននឹងទីតាំងកសិដ្ឋាន លោក មឿន មាន បានបញ្ជាក់ថា លោកមានរោងគោចំនួន ៣កន្លែងទៅតាមរដូវកាល ដោយ ១កន្លែងស្ថិតនៅឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម និង ២កន្លែងទៀត ស្ថិតនៅក្នុងស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ រាល់ពេលប្ដូរទីកន្លែងស្នាក់នៅ លោកតែងតែមានលិខិតស្នាមដឹងឮ និងបញ្ជាក់ពីនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានជានិច្ច។

ស្របពេលជាមួយគ្នានេះ លោក សាញ់ សាន ត្រូវជាឪពុកមាសាច់ថ្លៃរបស់ស្ត្រីរងគ្រោះ ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដែរថា ចាប់តាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ មក ក្រុមការងារ និងលោក មឿន មាន បានទម្លាក់គោមកចិញ្ចឹមនៅចំណុចវាលស្រងែ ភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង រហូតមក។ ដូចនេះ លោកយល់ថាការចោទប្រកាន់លើលោក មឿន មាន ថាបានប្រព្រឹត្តសកម្មភាពរំលោភនៅស្រុកបាធាយក្នុងកំឡុងខែមិថុនា គឺមិនស៊ីសង្វាក់គ្នានឹងពេលវេលាជាក់ស្ដែងនោះទេ។

បច្ចុប្បន្ន ករណីចោទប្រកាន់ខាងលើនេះ លោក មឿន មាន បានទទូចស្នើសុំយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយបើកការស៊ើបអង្កេតស៊ីជម្រៅលើអង្គហេតុ និងស្វែងរកការពិត ដើម្បីផ្ដល់ភាពស្អាតស្អំ និងយុត្តិធម៌ជូនរូបលោកទៅតាមផ្លូវច្បាប់៕

img 20260715 121121 538 20260715 092020 20260715 091802 img 20260715 103210 151 img 20260714 193705 677 img 20260714 193751 850 img 20260715 125651 107 img 20260715 114740 344 img 20260715 103216 800

Scroll to Top