ខេត្តកំពង់ចាម៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់បានចំនួន ២ករណី ក្នុងភូមិសាស្ត្រស្រុកព្រៃឈរ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
មន្ត្រីជលផលបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុកព្រៃឈរ កម្លាំងកងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក និងសហគមន៍នេសាទសាមគ្គីឃុំមៀន។ ជាលទ្ធផល កម្លាំងចម្រុះបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ រួមមាន៖
ករណីទី១ (នៅចំណុចស្ទឹងជ្រៅ ឃុំមៀន)៖ បង្ក្រាបនិងបំផ្លាញចោលលូស្បៃមុងចំនួន ០៨មាត់, របាំងស្បៃមុងប្រវែង ២៥០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១៣០ដើម ព្រមទាំងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម ចូលទៅក្នុងធម្មជាតិវិញ។
ករណីទី២ (នៅចំណុចស្ទឹងកំបុត ឃុំមៀន)៖ រុះរើសម្រាស់ខុសច្បាប់ (ទំហំ ៣x២ម៉ែត្រ) ចំនួន ០២កន្លែង៕


