ខេត្តកំពង់ចាម៖ ថ្នាក់ដឹកនាំខេត្តកំពង់ចាម រួមជាមួយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយជុំវិញករណីទំនាស់ដីធ្លី បន្ទាប់ពីមានការប្តឹងជំទាស់ទប់ស្កាត់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋនៅក្នុងឃុំចំនួន៣ នៃស្រុកចំការលើ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកចំការលើ (ក្រោមការចាត់តាំងរបស់ ឯកឧត្តម ហ៊ុន ម៉ានិត)។
ឯកឧត្តម វ៉ា ពិសី បានពន្យល់ថា កិច្ចប្រជុំនេះផ្តោតជាសំខាន់លើការពិនិត្យ និងដោះស្រាយករណីបុគ្គលឈ្មោះ លាង មួយងីម រស់នៅភូមិ១០មករាលើ ឃុំបុសខ្នុរ ដែលបានដាក់ពាក្យប្តឹងជំទាស់ និងស្នើសុំទប់ស្កាត់ការចេញប្លង់ដីប្រព័ន្ធ ជូនប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅក្នុងឃុំចំនួន៣ ក្នុងស្រុកចំការលើ។
សកម្មភាពប្តឹងទប់ស្កាត់នេះ បាននិងកំពុងធ្វើឱ្យរអាក់រអួលដល់ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់រដ្ឋ ព្រមទាំងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ដីស្របច្បាប់ជាច្រើននាក់។
ដើម្បីដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវការណែនាំ និងវិធានការម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញសុរិយោដី រួមមាន៖
ត្រូវផ្ទៀងផ្ទាត់ប្រវត្តិដីធ្លី និងលិខិតស្នាមគតិយុត្តឱ្យបានច្បាស់លាស់ ហ្មត់ចត់បំផុត ដោយឈរលើគោលការណ៍ច្បាប់ជាធំ។
ត្រូវចុះពិនិត្យផ្ទាល់ដល់ទីតាំងដីដែលមានទំនាស់ ដើម្បីប្រមូលព័ត៌មានបន្ថែម សំដៅស្វែងរកចំណុចដោះស្រាយរួមមួយ ដែលអាចទទួលយកបាន និងបញ្ចប់ទំនាស់ដោយសន្តិវិធី។
ត្រូវពន្លឿនរាល់នីតិវិធីពាក់ព័ន្ធ ដើម្បីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ស្របតាមគោលនយោបាយគាំពារសិទ្ធិដីធ្លីស្របច្បាប់របស់រាជរដ្ឋាភិបាល៕


