ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំសហការី និងក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពការងារ ព្រមទាំងសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងនគរបាលជាតិ នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ ចំណុះឱ្យអធិការដ្ឋាននគរបាលក្រុងសំពៅពូន រួមមាន៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី, ជ្រោយតាកែវ, ឈើខ្មៅ, ព្រែកជ្រៃ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន។
ក្នុងឱកាសដ៏មានអត្ថន័យនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងបានផ្តល់ការណែនាំណែនាំដ៏ខ្ពង់ខ្ពស់ ដល់បណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗចំនួន ៧ ចំណុច រួមមាន៖
១. ត្រូវពង្រឹងការធ្វើបញ្ជីវត្តមានប្រចាំថ្ងៃ និងចងក្រងជាសៀវភៅតាមដានប្រចាំខែនីមួយៗឱ្យបានច្បាស់លាស់។
២. ត្រូវយកចិត្តទុកដាក់ថែរក្សា ទុកដាក់សម្ភារៈ អាវុធ គ្រាប់រំសេវ មធ្យោបាយធ្វើដំណើរ អគារស្នាក់ការ និងឧបករណ៍បម្រើឱ្យកិច្ចប្រតិបត្តិការនានាឱ្យមានសុវត្ថិភាព និងសណ្តាប់ធ្នាប់។
៣. ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ទាន់ចិត្ត និងប្រកបដោយតម្លាភាព។
៤. ត្រូវក្តោបក្តាប់ និងគ្រប់គ្រងមុខសញ្ញាបទល្មើសគ្រប់ប្រភេទឱ្យបានហ្មត់ចត់ ដោយត្រូវរៀបចំជាបញ្ជីគ្រប់គ្រងមុខសញ្ញាឱ្យបានច្បាស់លាស់ ដើម្បីបង្ការ និងបង្ក្រាបទាន់ពេលវេលា។
៥. ត្រូវពង្រឹងការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ការចុះបញ្ជីការស្នាក់នៅ និងការត្រួតពិនិត្យគ្រប់គ្រងការស្នាក់នៅរបស់ជនបរទេសក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាព។
៦. ត្រូវរួមគ្នាកែលម្អសោភ័ណភាពប៉ុស្តិ៍ យកចិត្តទុកដាក់លើបញ្ហាសុខភាព អនាម័យ ព្រមទាំងការស្នាក់នៅហូបចុករបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់រូប។
៧. ការត្រៀមលក្ខណៈទទួលយកនូវរាល់សំណូមពរ បញ្ហាប្រឈម និងចំណុចខ្វះខាតនានារបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ ដើម្បីយកមកសិក្សា ដកពិសោធន៍ និងស្វែងរកដំណោះស្រាយសមស្រប។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ក៏បានអញ្ជើញចុះពិនិត្យទីតាំងដីជាក់ស្តែង ដែលគ្រោងនឹងធ្វើការកសាងអគារស្នាក់ការថ្មី របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឈើខ្មៅ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការស្នាក់នៅ និងបំពេញការងាររបស់មន្ត្រីនាពេលខាងមុខផងដែរ៕


