ខេត្តកំពង់ចាម៖ នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តរបស់គណបក្សឃុំអារក្សត្នោត។
កិច្ចប្រជុំនេះបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់លើវឌ្ឍនភាពនៃការកសាងសមាជិកបក្ស ក៏ដូចជាលទ្ធផលការងារដែលសម្រេចបានកន្លងមក ដោយបានដាក់ចេញនូវទិសដៅគន្លឹះចំនួន ៧ចំណុច រួមមាន៖
១. ដកស្រង់បទពិសោធន៍ល្អៗ ដើម្បីតម្រង់ទិសការងារ និងបន្តខិតខំដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព។
២. បន្តអនុវត្តគោលការណ៍ «ពង្រឹង៨ ពង្រីក២» ក្នុងការកសាងសមាជិកបក្សឱ្យមានភាពប្រាកដប្រជា និងច្បាស់លាស់។
៣. បន្តសកម្មភាពចិញ្ចឹមចលនាគណបក្សឱ្យបានរស់រវើក។
៤. បង្កើនការចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់តាមខ្នងផ្ទះឱ្យកាន់តែសកម្ម។
៥. បន្តជម្រុញ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
៦. ពិនិត្យ និងធ្វើបច្ចុប្បន្នភាពផ្លាកគណបក្ស ដោយធ្វើការផ្លាស់ប្តូរថ្មីជំនួសផ្លាកដែលខូចខាត ឬកន្លែងដែលមិនទាន់មាន។
៧. បន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងនិវត្តជន នៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី បានឧបត្ថម្ភថវិកា និងសម្ភារៈមួយចំនួនដល់ក្រុមការងារថ្នាក់មូលដ្ឋានចំនួន ២៦នាក់ ព្រមទាំងបានឧបត្ថម្ភគាំទ្រដល់ការចិញ្ចឹមចលនាគណបក្សផងដែរ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោកប្រធានក្រុមការងារ និងសហការី បានបន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ទៅចែកជូនសមាជិកគណបក្សដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានថវិកា ៥ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន។
ទន្ទឹមនឹងនេះ ក្រុមការងារក៏បាននាំយកអំណោយឧបត្ថម្ភទៅប្រគល់ជូនវិហារឥស្លាមចំនួន ១កន្លែង, ផ្តល់ថវិកាបន្ថែមជូនសមាជិកបក្ស ១គ្រួសារ សម្រាប់ជួសជុលលំនៅដ្ឋានដែលទ្រុឌទ្រោម និងបានជួយផ្លាស់ប្តូរផ្លាកគណបក្សមួយចំនួននៅក្នុងភូមិផងដែរ៕


