ខេត្តតាកែវ៖ ករណីបង្ក្រាបសាច់បង្កកក៏ដូចជាប្រហិតសាច់ក្តាមជាង ៤តោន ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ «ប៉ូរ៉ាក់» ហើយត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោលនាពេលថ្មីៗនេះ បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ជាពិសេសជុំវិញសំណួរថា តើផលិតផលខុសច្បាប់ទាំងនេះអាចឆ្លងផុតច្រកព្រំដែនចូលមកកម្ពុជាបានដោយរបៀបណា។
បញ្ហាចន្លោះប្រហោងនេះត្រូវបានលោកអភិបាលរងខេត្តតាកែវម្នាក់ មានប្រសាសន៍ថា ករណីនេះ «ប្រហែលជាចំម៉ោងមន្ត្រីយើងសម្រាក ឬម៉ោងហូបបាយ ទើបឈ្មួញលួចដឹកចេញមករួចពីច្រកព្រំដែន»។
មហាជនមួយចំនួនយល់ថា ការលើកឡើងខាងលើអាចជាការសន្និដ្ឋានពីចន្លោះប្រហោងក្នុងការត្រួតពិនិត្យតាមច្រកព្រំដែន។ ខណៈអ្នកខ្លះទៀតបានចោទជាសំណួរថា តើការលួចនាំចូលទំនិញខុសច្បាប់កើតឡើងដោយសារតែមន្ត្រីសម្រាកពិតប្រាកដ ឬក៏មានកត្តាផ្សេងទៀតដែលស្ថាប័នពាក់ព័ន្ធគួរស៊ើបអង្កេតឱ្យបានច្បាស់លាស់។
មហាជនមួយចំនួនលើកឡើងថា ការទប់ស្កាត់ការលួចនាំចូលទំនិញខុសច្បាប់ ជាពិសេសផលិតផលម្ហូបអាហារដែលមានផ្ទុកសារធាតុគីមីបង្កគ្រោះថ្នាក់ មិនគួររង់ចាំរហូតដល់ទំនិញឆ្លងផុតច្រកព្រំដែនទើបបង្ក្រាបនោះទេ ប៉ុន្តែត្រូវពង្រឹងការត្រួតពិនិត្យនៅគ្រប់ដំណាក់កាល និងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីការពារសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ មហាជនក៏បានអំពាវនាវឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ បន្តស្រាវជ្រាវឱ្យបានស៊ីជម្រៅ អំពីប្រភព និងមធ្យោបាយនៃការលួចនាំចូលទំនិញទាំងនេះ ព្រមទាំងពិនិត្យថា តើមានភាពខ្វះចន្លោះ ឬការធ្វេសប្រហែសក្នុងការអនុវត្តតួនាទីដែរឬទេ ដើម្បីទប់ស្កាត់កុំឱ្យករណីបែបនេះកើតឡើងម្ដងទៀត។
គួររំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបានស្ទាក់ចាប់ប្រហិតសាច់ក្តាមលួចនាំចូលពីប្រទេសវៀតណាមចំនួន ៤,១៦០គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ «ប៉ូរ៉ាក់» ហើយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ផលិតផលទាំងនេះត្រូវបានដុតបំផ្លាញចោលទាំងស្រុង។
មន្ត្រីជំនាញបានបញ្ជាក់ថា សារធាតុ «ប៉ូរ៉ាក់» អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស រួមមានការខូចតម្រងនោម ប៉ះពាល់ប្រព័ន្ធប្រសាទ បេះដូង ថ្លើម និងប្រព័ន្ធរំលាយអាហារ។
ដោយឡែក កាលពីពេលថ្មីៗនេះ នៅស្រុកអង្គរបូរី សមត្ថកិច្ចក៏បានបង្ក្រាបសាច់បង្កកនាំចូលដោយខុសច្បាប់ចំនួន ៣៨៨កេស ស្មើនឹងទម្ងន់សរុប ៣,០៤២គីឡូក្រាម ដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ និងគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពអនាម័យតាមច្បាប់ ដែលជាករណីលួចនាំចូលផលិតផលម្ហូបអាហារខុសច្បាប់តាមតំបន់ព្រំដែន៕


