ខេត្តកំពង់ចាម៖ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងទីតាំងច្រាំងទន្លេមេគង្គដែលបានរងការបាក់ស្រុតកាលពីពេលកន្លងទៅ ស្ថិតនៅក្បែរកំពង់រង់ចាំ ក្នុង សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដើម្បីត្រៀមរៀបចំសាងសង់សំណង់ទប់ច្រាំងថ្មីឡើងវិញ បន្ទាប់ពីសំណង់មួយនេះបានទប់ទល់នឹងឥទ្ធិពលទឹកទន្លេអស់រយៈកាលជាង១០ឆ្នាំ។
បើតាមការបញ្ជាក់របស់លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ករណីបាក់ស្រុតផ្លូវ និងច្រាំងទន្លេមេគង្គនេះ បានបង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរ និងអ្នកនិយមធ្វើដំណើរលើដងផ្លូវនេះផងដែរ។ ហេតុការណ៍បាក់ស្រុតច្រាំងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ ច្រាំងទន្លេនេះ បានកសាងតាំងពីឆ្នាំ២០១២ ដោយរដ្ឋបាលខេត្តកំពង់ចាម។ ទំហំនៃការខូចខាត រួមមាន៖ ១) ផ្នែកខាងលើ បាក់ស្រុតការ៉ូឡាបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ១,១ម៉ែត្រ និងកម្ពស់ចាប់ពី ០,៣ម៉ែត្រ-១,៦ម៉ែត្រ និង២)ផ្នែកខាងក្រោម បាក់ស្រុតបេតុងបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ក្នុងនោះបញ្ហាប្រឈមប្រវែង ៣៥ម៉ែត្រ កម្ពស់ចាប់ពី ០,១ម៉ែត្រ-០,៣ម៉ែត្រ។
លោកប្រធានមន្ទីរ បន្តថា ក្រោមកិច្ចអន្តរាគមន៍របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញផែនការសាងសង់ច្រាំងការពារថ្មី បានជួយរំដោះក្តីបារម្ភ និងបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងសង្កត់ធ្ងន់ថា ដោយបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ចុះធ្វើអន្តរាគមន៍ជំហានដំបូង ក្នុងការទប់ស្កាត់កុំឱ្យរងគ្រោះជាងនេះ ដោយត្រូវប្រើបាវខ្សាច់(GeoTextile) ព្រមទាំងសិក្សាលទ្ធភាព ដើម្បីពន្លឿនការងារសាងសង់សំណង់ទប់ច្រាំងថ្មីនេះឱ្យបានឆាប់រហ័ស និងមានគុណភាពរឹងមាំយូរអង្វែង៕


