ផ្ទះលំហែកម្មសិទ្ធឈ្នោះផាន់ ផេង រំលោភទន្លេមេគង្គនៅស្រុកមុខកំពូល កើតឡើងដោយសារឆន្ទៈអាជ្ញាធរ ខណៈដែលមហាជនស្នើឲ្យអនុវត្តច្បាប់វាយកម្ទេច

ផ្ទះលំហែកម្មសិទ្ធឈ្នោះផាន់ ផេង រំលោភទន្លេមេគង្គនៅស្រុកមុខកំពូល កើតឡើងដោយសារឆន្ទៈអាជ្ញាធរ ខណៈដែលមហាជនស្នើឲ្យអនុវត្តច្បាប់វាយកម្ទេច

ខេត្តកណ្ដាល៖ មហាជនបញ្ចេញយោបល់ចំពោះករណីសំណង់ប៉ុនមហាមេឃ សង់ចូលផ្ទៃទន្លេមេគង្គ នៅភូមិតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល កំពុងបង្កឲ្យមានការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ខណៈដែលសំណង់នេះត្រូវបានមើលឃើញថា ជាទង្វើគឃ្លើនច្បាប់ បំពានលើបទបញ្ញត្តិ បើទោះបីជារដ្ឋបាលស្រុកមុខកំពូលចុះផ្អាកក៏ដោយ ក៏ម្ចាស់សំណង់នេះនៅតែបន្តដំណើរការជាធម្មតា។

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកមុខកំពូលបាទចុះផ្អាកសកម្មភាពសំណង់បំពានច្បាប់ប្រទេសមួយកន្លែងនេះ ដោយថែមទាំងប្រកាសរិបអូសយកសម្ភារៈនិងគ្រឿងសំណង់មួយចំនួនផង។ ក៏ប៉ុន្តែរហូតមកដល់ថ្ងៃនេះ សកម្មភាពនៃដំណើរការសាងសង់ភូមិគ្រឹះលើផ្ទៃទន្លេលើទីតាំងខាងលើ នៅតែបន្តដំណើរការដោយមិនញញើតនិងការសម្រេចផ្អាករបស់រដ្ឋបាលស្រុកមុខកំពូលនោះឡើយ។

ទិដ្ឋភាពដែលអ្នកកាសែតបានឃើញផ្ទាល់ សំណង់ខាង លើមានទំហំធំ និងសាងសង់សម្បើម នៅលើតំបន់ដែលស្ថិតក្នុងដែនការពារអាងទន្លេ និងដីសាធារណៈរបស់រដ្ឋ។ អ្នកជំនាញផ្នែកធនធានទឹកលើកឡើងថា ចំណីទន្លេ គឺជាទ្រព្យសម្បត្តិសាធារណៈដែលត្រូវរក្សាទុកសម្រាប់ការគ្រប់គ្រងលំហូរទឹក ការពារគ្រោះមហន្តរាយធម្មជាតិ និងបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។ ការរំលោភកាន់កាប់ ឬសាងសង់សំណង់ណាមួយដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច គឺជាការ បំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ជាធរមាន។

ជាពិសេស ច្បាប់ស្ដីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធ បានកំណត់យ៉ាងច្បាស់ថា រាល់ការសាងសង់ត្រូវមានលិខិតអនុញ្ញាតត្រឹមត្រូវ និងមិនត្រូវប៉ះពាល់ដល់ដីសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬតំបន់ការ ពាររបស់រដ្ឋឡើយ។ ចំណែកឯបទប្បញ្ញត្តិពាក់ព័ន្ធនឹងការគ្រប់គ្រងអាងទន្លេ និងធនធានទឹក ក៏ហាមឃាត់ការបទន្ទ្រាន ការចាក់ដី ឬការសាងសង់សំណង់ដែលបង្កឲ្យប៉ះពាល់ដល់លំហូរទឹក និងស្ថិរភាពរបស់ទន្លេផងដែរ។

មហាជនបានចោទជាសំណួរថា តើម្ចាស់សំណង់មាន អំណាច ឬឥទ្ធិពលកម្រិតណា ទើបហ៊ានសាងសង់សំណង់ដ៏ធំបែបនេះនៅលើដីចំណីទន្លេ ហើយនៅតែបន្តធ្វើបើទោះបីជាអាជ្ញាធរចុះហាមឃាត់? ហេតុអ្វីបាន ជាអាជ្ញាធរស្រុកមុខកំពូលមិនចាត់វិធានការឲ្យបានតឹងរឹងតាមផ្លូវច្បាប់បញ្ឈប់ទាំងស្រុង ចំពោះដំណើរការធ្វើសំណង់នេះ?នៅពេលដែលមហាជួនបានដឹងថាវាជាសំណង់ខុសច្បាប់ហើយនោះ។

ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងជំរុញការពង្រឹងនីតិរដ្ឋ ការអនុវត្តច្បាប់ដោយស្មើភាព និងការការពារទ្រព្យសម្បត្តិសាធារណៈ ករណីនេះគួរត្រូវបានស្ថាប័នជំនាញពាក់ព័ន្ធចុះស្រាវជ្រាវឲ្យបានច្បាស់លាស់ បង្ហាញអត្តសញ្ញាណម្ចាស់សំណង់ វាយតម្លៃផ្នែកច្បាប់ និងបច្ចេកទេស និងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង។

មហាជនសង្ឃឹមថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ នឹងមិនអនុញ្ញាតឲ្យមានបុគ្គល ឬក្រុមណាមួយ យកផល ប្រយោជន៍ឯកជនមកបំពានលើផលប្រយោជន៍សាធារណៈនោះឡើយ ព្រោះដីចំណីទន្លេមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ទេ ប៉ុន្តែជាទ្រព្យសម្បត្តិរួមរបស់ជាតិ ដែលត្រូវការពារ និងថែរក្សាទុកសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ 

ដូច្នេះអ្វីដែលសំខាន់គឺត្រូវវាយកម្ទេចសំណង់នេះចោលដើម្បីរក្សាបានសភាពដើមនៃទន្លេមេគង្គ និងជាពិសេសគឺការអនុវត្តបានច្បាប់ពេញលេញ។ ប្រជាពលរដ្ឋនិយាយថា វ៉ៃចោលឬ មិនវាយចោល សំណង់បំពាន ច្បាប់ប្រទេសខាងលើនេះអាស្រ័យទៅលើជំហរនិងឆន្ទៈរបស់ចៅហ្វាយស្រុកមុខកំពូលនោះហើយ៕

fb img 1782184493690 img 20260623 100514 364 img 20260623 100514 402 img 20260623 100424 552 img 20260623 100425 063 img 20260623 100509 400 img 20260623 100509 082

Scroll to Top