ប្រធានមន្ទីរសុខាភិបាលតាកែវ៖ «គ្រូពេទ្យពូកែ តែខ្វះសីលធម៌ និងពាក្យសម្ដីល្អ មិនអាចបម្រើប្រជាពលរដ្ឋបានពេញលេញ»

ប្រធានមន្ទីរសុខាភិបាលតាកែវ៖ «គ្រូពេទ្យពូកែ តែខ្វះសីលធម៌ និងពាក្យសម្ដីល្អ មិនអាចបម្រើប្រជាពលរដ្ឋបានពេញលេញ»

ខេត្តតាកែវ៖ លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានជំរុញឱ្យបុគ្គលិកសុខាភិបាលគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ មានឥរិយាបថសមរម្យ និងប្រើពាក្យសម្ដីល្អជាមួយអ្នកជំងឺ ដោយចាត់ទុកថា នេះគឺជាគុណតម្លៃសំខាន់មួយសម្រាប់អ្នកបម្រើការងារក្នុងវិស័យសុខាភិបាល។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពីការថែទាំសុខភាពភ្នែកបឋមសម្រាប់បុគ្គលិកមណ្ឌលសុខភាព ដែលរៀបចំដោយ ការីតាស់ មន្ទីរពេទ្យភ្នែកខេត្តតាកែវ (Caritas–Takeo Eye Hospital) នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលពាក់ព័ន្ធជាច្រើនរូប។

លោក ផាន់ វ៉ាន់ បានសង្កត់ធ្ងន់ថា បុគ្គលិកសុខាភិបាលមិនត្រឹមតែត្រូវមានចំណេះដឹង និងជំនាញបច្ចេកទេសល្អប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសុជីវធម៌ វិជ្ជាជីវៈ និងទំនាក់ទំនងល្អជាមួយអ្នកជំងឺផងដែរ។ លោកបានបញ្ជាក់ថា៖ «យើងមិនត្រូវការបុគ្គលិកដែលមានសមត្ថភាពខ្ពស់ ប៉ុន្តែខ្វះការគោរព និងប្រើពាក្យសម្ដីមិនសមរម្យចំពោះអ្នកជំងឺនោះទេ»។

លោកប្រធានមន្ទីរសុខាភិបាលបានចាត់ទុកការបម្រើសេវាសុខាភិបាលប្រកបដោយមនុស្សធម៌ ការយកចិត្តទុកដាក់ និងការគោរពសិទ្ធិអ្នកជំងឺ ជាចំណុចស្នូលនៃក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ដែលត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស្របតាមទិសដៅកំណែទម្រង់ និងការលើកកម្ពស់គុណភាពសេវាសាធារណៈក្នុងអាណត្តិទី៧។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចូលរួមពីបុគ្គលិកមណ្ឌលសុខភាព និងមន្ត្រីសុខាភិបាលប្រមាណ ១៩រូប។ កម្មវិធីមានគោលបំណងពង្រឹងសមត្ថភាព និងបន្ថែមចំណេះដឹងដល់បុគ្គលិកសុខាភិបាល ក្នុងការពិនិត្យ ព្យាបាល និងថែទាំបញ្ហាសុខភាពភ្នែកកម្រិតបឋមជូនប្រជាពលរដ្ឋ។

ថ្នាក់ដឹកនាំសុខាភិបាលខេត្តរំពឹងថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ បុគ្គលិកសុខាភិបាលនឹងអាចបង្កើនទាំងសមត្ថភាពបច្ចេកទេស និងសីលធម៌វិជ្ជាជីវៈ ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពកក់ក្តៅជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕

img 20260623 090327 015 img 20260623 090327 045 img 20260623 090327 597 img 20260623 090327 528 img 20260623 090327 044 img 20260623 090327 017 img 20260623 090326 905

 

Scroll to Top