អភិបាលខេត្តកំពង់ចាម ណែនាំឱ្យបន្តយុទ្ធនាការបោសសម្អាតបទល្មើស អនឡាញស្គែម និងពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូល

អភិបាលខេត្តកំពង់ចាម ណែនាំឱ្យបន្តយុទ្ធនាការបោសសម្អាតបទល្មើស អនឡាញស្គែម និងពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូល

ខេត្តកំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំ ដល់មន្ត្រីពាក់ព័ន្ធ ឱ្យបន្តយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គែម) និងពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូលដោយខុសច្បាប់ ថ្លែងបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងអាជីវកម្មសាច់បង្កកនាំចូលដោយខុសច្បាប់ និងទំនិញ ក្លែងក្លាយ ពោលគឺត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ពីសមត្ថកិច្ចពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់បទល្មើស និងការពារសុខុមាលភាពសាធារណៈ។

ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ត្រូវបង្កើតបណ្តាញនៅតាមមូលដ្ឋាន ដើម្បីធ្វើការបោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (អនឡាញស្គែម) ឱ្យមានប្រសិទ្ធភាព ពោលគឺត្រូវបង្កើតបណ្តាញ ស៊ើបការណ៍សម្ងាត់នៅតាមមូលដ្ឋាន ដោយសហការជាមួយមេភូមិ ម្ចាស់ផ្ទះជួល ឬ ប្រជាពលរដ្ឋ ដើម្បីរាយការណ៍ជាបន្ទាន់នូវរាល់ទីតាំងសង្ស័យ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានសង្កត់ធ្ងន់ថា គ្រប់ ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសទាំងអស់ ដែលទទួលបានពីបណ្តាញរាយការណ៍ គឺត្រូវចុះធ្វើការបង្ក្រាបភ្លាមៗ ប៉ុន្តែត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ មុនពេលចុះប្រតិបត្តិការ ចៀសវាងការ ប៉ះពាល់ និងការរំខានដល់សុខុមាលភាព ឬសិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ៕

img 20260622 153345 795 img 20260622 153339 467 img 20260622 153316 994 img 20260622 153355 248 img 20260622 153359 548 img 20260622 153430 631 img 20260622 153334 552

Scroll to Top