ខេត្តកណ្តាល៖ រថយន្តធំៗដឹកដីជាច្រើនគ្រឿង កំពុងធ្វើសកម្មភាពយ៉ាងមមាញឹកបន្តកន្ទុយគ្នា ហុយដីទ្រលោម នៅតំបន់ជាយក្រុងតាខ្មៅដែលធ្វើឲ្យប៉ះពាល់បរិស្ថាននិងបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវ។ អ្វីដែលគួរឲ្យកត់ សម្គាល់រថយន្តយីឌុបធំៗថ្មីៗរាប់សិបគ្រឿងទាំងនោះ មិនមានបំពាក់ស្លាកលេខនោះទេ។
ប្រភពពីក្រុមឈ្មួញរកស៊ីដឹកដីនៅតំបន់នោះ ខ្សិបប្រាប់ថា រថយន្តធុនធំថ្មីៗទាំងនោះជារបស់ឧកញ៉ាម្នាក់ដែលមានឥទ្ធិពលនៅក្រុងតាខ្មៅ។ គេមិនដឹងថា តើរថយន្តទាំងនោះមានលទ្ធភាពបង់ពន្ធស្របច្បាប់ហើយ ឬនៅ បានជាមិនបំពាក់ស្លាកលេខយ៉ាងនេះ។ ក្រៅពីរថយន្តធុនធំដឹកដីនោះក៏មានរថយន្តចង្កូតស្ដាំផ្សេងទៀតកំពុងដឹកជញ្ជូនអាចម៍ដីទាំងនោះរាល់ថ្ងៃ។
រថយន្តធុនធំដែលផ្ទុកអាចម៍ដីរាប់សិបតោនទាំងនេះក៏បំពានច្បាប់ផងដែរនៅលើបញ្ហាទម្ងន់។ យ៉ាងណាក៏ ដោយមិនមានការត្រួតពិនិត្យថ្លឹងទម្ងន់ ចំពោះរថយន្តដឹកដីទាំងនោះទេ។ មានន័យថា រថយន្តដឹកដីធុនធ្ងន់ហើយអត់ស្លាកលេខទាំងនោះ ដឹកអាចម៍ដីបើកបរឆ្លង កាត់កំណាត់ផ្លូវជាតិលេខ 21b ដោយសេរី។ គេមិន ដែលឃើញអាជ្ញាធរក្រុងតាខ្មៅ ឬស្ថាប័នជំនាញប្រតិកម្មចំពោះរថយន្តធុនធំអត់ស្លាកលេខទាំងនោះម្ដងណាឡើយ។
ក្រឡេកមើលផ្លូវនៃតំរាយឆ្លងកាត់របស់ក្រុមរថយន្តដឹកដីទាំងនោះវិញ គឺបែកភក់ដែលធ្វើដំណើរដោយជិះម៉ូតូមិនកើតនៅពេលមានភ្លៀង និងហុយទ្រលោមនៅពេលក្តៅ។ ប្រជាពលរដ្ឋមិនសប្បាយចិត្តទាល់តែសោះចំពោះស្ថានភាពផ្លូវនៅក្នុងសហគមន៍របស់ខ្លួន។ នៅឯច្រក ចេញលើផ្លូវជិតលេខ 21b គំនរដីបានក្លាយទៅជាពុំនូកហុយនិងរអិលពេលមានភ្លៀង។
ទិដ្ឋភាពទាំងនេះកំពុងបង្កជាការមិនសប្បាយចិត្តចំពោះប្រជាពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវលេខ 21b និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅជិតរណ្ដៅដីទីដែលត្រូវកាយយកអាចម៍ដីលក់។ បើទោះជា យ៉ាងណាក៏ ដោយអាជ្ញាធរក្រុងតាខ្មៅ មិនដែលឈឺក្បាល ហាលថ្ងៃចំពោះ ក្តីកង្វល់របស់ប្រជាពលរដ្ឋនៅសហគមន៍រស់នៅជិតខាងរណ្ដៅដីនិងប្រជាពលរដ្ឋដែលធ្វើដំណើរលើផ្លូវ 21b នោះឡើយ។
បញ្ហាដែលកំពុងកើតឡើងនៅទីនោះ គឺមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលក្រោម អំណាចដឹកនាំបញ្ជារបស់លោកបុរី វង្សសានិត្យ ត្រូវពិនិត្យមើលរថយន្តធំៗអត់ស្លាកលេខទាំងនោះនិងការ ដែលអាជ្ញាធរក្រុងតាខ្មៅ មិនយកចិត្តទុកដាក់ចំពោះបញ្ហាបរិស្ថាននិងសុខមាលភាពរបស់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនិងសហគមន៍៕


