ពលរដ្ឋផ្ទុះការរិះគន់ កសិដ្ឋានជ្រូកមួយនៅស្រុកត្រាំកក់ បង្ហូរទឹកសំណល់ចូលអូរ-ស្ទឹង

ពលរដ្ឋផ្ទុះការរិះគន់ កសិដ្ឋានជ្រូកមួយនៅស្រុកត្រាំកក់ បង្ហូរទឹកសំណល់ចូលអូរ-ស្ទឹង

ខេត្តតាកែវ៖ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរកសិកម្ម និងមន្ទីរបរិស្ថានខេត្ត ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង ដែលគេអះអាងថា បានបង្ហូរទឹកសំណល់ និងទឹកស្អុយចេញពីទ្រុងជ្រូក ចូលទៅក្នុងអូរ សាធារណៈជាបន្តបន្ទាប់។

តាមការលើកឡើងរបស់ប្រជាពលរដ្ឋ កសិដ្ឋានខាងលើត្រូវបានគេស្គាល់ថា មានម្ចាស់ឈ្មោះ លោក តេង ចន្ថា ដែលជាសមាជិកក្រុមប្រឹក្សាឃុំអូរសារាយ ស្រុកត្រាំកក់។ ប្រជាពលរដ្ឋអះអាងថា សកម្មភាពបង្ហូរទឹកសំណល់នេះ បានកើតមានទាំងរដូវប្រាំង និងរដូវវស្សា ដែលបានបង្កផលប៉ះពាល់ដល់បរិស្ថាន ប្រភពទឹកធម្មជាតិ និងសុខភាពប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញ។

ប្រភពដដែលបានលើកជាសំណួរថា ហេតុអ្វីបានជាបញ្ហានេះនៅតែបន្តកើតមាន ខណៈដែលមន្ត្រីជំនាញពាក់ព័ន្ធនៅថ្នាក់ខេត្ត ហាក់មិនទាន់មានវិធានការច្បាស់លាស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់នៅឡើយ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋបានអំពាវនាវដល់លោក ហ៊ត មនោ អភិបាលស្រុកត្រាំកក់ ព្រមទាំងមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន និងមន្ទីរកសិកម្មខេត្តតាកែវ មេត្តាចុះពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីវាយតម្លៃផលប៉ះពាល់ និងចាត់វិធានការស្របតាមច្បាប់ ប្រសិនបើរកឃើញថាមានការបំពុលបរិស្ថានពិតប្រាកដ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឱ្យបានទាន់ពេលវេលា ដើម្បីការពារគុណភាពបរិស្ថាន ប្រភពទឹកសាធារណៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជុំវិញកង្វល់ពលរដ្ឋខាងលើនេះ លោក ហ៊ត មនោ មិនទាន់ទាក់ទងសុំការបកស្រាយបាននៅឡើយទេ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ៕

img 20260622 120840 956 img 20260622 120840 697 img 20260622 120840 824 img 20260622 120840 351

 

Scroll to Top