ស្នងការនគរបាលខេត្តកណ្តាលក្រើនរំលឹកកងកម្លាំងពង្រឹងវិន័យ និងបន្តការពារសន្តិសុខឱ្យកាន់តែមានប្រសិទ្ធភាព

ស្នងការនគរបាលខេត្តកណ្តាលក្រើនរំលឹកកងកម្លាំងពង្រឹងវិន័យ និងបន្តការពារសន្តិសុខឱ្យកាន់តែមានប្រសិទ្ធភាព

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំលោក-លោកស្រីស្នងការរង ព្រមទាំងកម្លាំងតាមការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចូលរួមពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តទៅយ៉ាងអធិកអធមនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជូនដល់កងកម្លាំងនគរបាលទាំងអស់ ដោយលើកទឹកចិត្តឱ្យបន្តខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្មោះត្រង់ចំពោះវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោកស្នងការខេត្តកណ្តាល បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ និងមន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារជំនាញប្រចាំថ្ងៃ ក៏ដូចជាការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមពិធីផ្សេងៗ និងធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តកណ្តាលកន្លងមក។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានណែនាំ និងក្រើនរំលឹកដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តគោរពវិន័យកងកម្លាំងឱ្យបានម៉ឺងម៉ាត់។ ជាពិសេស លោកស្នងការរងទទួលបន្ទុកផែនជំនាញ និងលោកនាយការិយាល័យទាំងអស់ ត្រូវពង្រឹងការគ្រប់គ្រងវត្តមានមន្ត្រីក្រោមឱវាទឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ព្រមទាំងប្រើប្រាស់ឯកសណ្ឋានឱ្យស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងមហាផ្ទៃ។

លោកស្នងការក៏បានសង្កត់ធ្ងន់ឱ្យកម្លាំងនគរបាលគ្រប់ផ្នែក បន្តយកចិត្តទុកដាក់ខ្ពស់លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជាពិសេសសម្រាប់បេសកកម្មការពារថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងភូមិសាស្ត្រ P២១៣ ក្រុងតាខ្មៅ ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ឱ្យកាន់តែល្អប្រសើរបំផុត៕

fb img 1782106100191 fb img 1782106102560 fb img 1782106105023 fb img 1782106107192

Scroll to Top