ខេត្តកំពង់ចាម៖ ដើម្បីពង្រឹងរបៀបរបបធ្វើការងារ និងលើកកម្ពស់គុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែល្អប្រសើរ និងឆាប់រហ័ស ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបន្តចុះជួបសំណេះសំណាល និងត្រួតពិនិត្យការងាររបស់កងកម្លាំងដោយផ្ទាល់នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។
នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់៖
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម រួមជាមួយសហការី បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកចំនួន ៦ រួមមាន៖ ស្រុកស្ទឹងត្រង់, ស្រុកចំការលើ, ស្រុកជើងព្រៃ, ស្រុកបាធាយ, ស្រុកព្រៃឈរ និងស្រុកកំពង់សៀម។ យុទ្ធនាការចុះត្រួតពិនិត្យនេះ នឹងត្រូវបន្តធ្វើឡើងនៅគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ ទាំង ១០៩ ទូទាំងខេត្តកំពង់ចាម។
សកម្មភាពស្នូលនៃការចុះត្រួតពិនិត្យ៖
ពិនិត្យជីវភាពរស់នៅ៖ សាកសួរសុខទុក្ខ និងពិនិត្យមើលពីស្ថានភាពស្នាក់នៅ ការហូបចុកប្រចាំថ្ងៃរបស់បងប្អូនកងកម្លាំង។
ពិនិត្យរបៀបរបបការងារ៖ ពិនិត្យការដឹកនាំអនុវត្តភារកិច្ច និងការរៀបចំទុកដាក់ឯកសារផ្សេងៗ សម្រាប់បម្រើការងារប្រចាំថ្ងៃនៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលនីមួយៗ។
ការបំពេញបន្ថែមសម្ភារៈ៖ ពិនិត្យលើឧបករណ៍សម្ភារៈប្រើប្រាស់នានា ដែលនៅមានចំណុចខ្វះខាត ដើម្បីត្រៀមបំពេញបន្ថែម។
ក្នុងឱកាសនោះ លោកស្នងការ បានសង្កត់ធ្ងន់ទៅលើការកែលម្អកន្លែងធ្វើការឱ្យបានសមរម្យ ស្របតាមលក្ខណៈជាទម្រង់រដ្ឋបាល ដើម្បីធានាបាននូវបរិយាកាសការងារល្អ និងជាពិសេសគឺ “ធានាដល់ការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័សបំផុត”៕


