ខេត្តកំពង់ចាម៖ មានការជជែកវែកញែក និងដាក់ការសង្ស័យពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានជុំវិញករណីសំណង់ផ្ទះត្រចៀកកាំមួយកន្លែង ដែលកំពុងដំណើរការសាងសង់នៅក្នុងភូមិព្រែកឪជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលត្រូវបានគេសង្ស័យថា អាចនឹងមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
លោក ជុំ នីម មេឃុំព្រែករំដេង បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះថា ចំពោះសំណង់ផ្ទះត្រចៀកកាំខាងលើនេះ រូបលោកផ្ទាល់ធ្លាប់បានចុះទៅផ្អាក និងឃាត់ការសាងសង់ចំនួន ០២ ដង រួចមកហើយក្រោយពីមានបណ្តឹងពីពលរដ្ឋ។
«ក្រោយមក ខាងរដ្ឋបាលស្រុកបានប្រាប់មកថា សំណង់នោះមានច្បាប់អនុញ្ញាតមកពីខេត្ត ប៉ុន្តែរហូតមកទល់ពេលនេះ លោកមិនដែលបានឃើញភាគីពាក់ព័ន្ធយកច្បាប់សាងសង់នោះមកបង្ហាញឱ្យបានឃើញច្បាស់ផ្ទាល់ភ្នែកនោះឡើយ»។
ជុំវិញករណីមិនច្បាស់លាស់នេះ លោក តឹក សេងសុថន អភិបាលរងស្រុក និងជាអ្នកនាំពាក្យនៃរដ្ឋបាលស្រុកស្រីសន្ធរ បានឆ្លើយតបទៅកាន់អ្នកកាសែតយ៉ាងខ្លីថា សំណង់ផ្ទះត្រចៀកកាំខាងលើនោះ គឺពិតជាមានច្បាប់អនុញ្ញាតត្រឹមត្រូវមែន តែមិនបានបង្ហាញច្បាប់អនុញ្ញាតឲ្យសាងសង់ និងលិខិតបើកការដ្ឋានសំណង់អោយឃើញនោះទេ។
ទោះជាយ៉ាងណាក៏ដោយ លោកអភិបាលរងស្រុកមិនបានបង្ហាញ ឬផ្តល់ព័ត៌មានលម្អិតពីលិខិតអនុញ្ញាតនោះទេ ដោយលោកបានរុញឱ្យអ្នកសារព័ត៌មានទៅសាកសួរ និងសុំមើលច្បាប់ពីម្ចាស់ផ្ទះផ្ទាល់ដោយខ្លួនឯងវិញ។
ករណីនេះបានបង្កើតជាមន្ទិលសង្ស័យដល់សាធារណជនថា ប្រសិនបើមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរពិតប្រាកដមែននោះ ហេតុអ្វីបានជាអាជ្ញាធរឃុំ (ម្ចាស់ទឹកម្ចាស់ដី) មិនត្រូវបានគេបង្ហាញច្បាប់ឱ្យដឹងឮ ហើយសូម្បីតែអ្នកនាំពាក្យស្រុកក៏រុញរានៅក្នុងការបង្ហាញឯកសារជាសាធារណៈផងដែរ។ អ្នកសារព័ត៌មាន និងមជ្ឈដ្ឋានជុំវិញកំពុងរង់ចាំការបកស្រាយ និងការបង្ហាញលិខិតគតិយុត្តស្របច្បាប់ណាមួយពីសំណាក់ម្ចាស់សំណង់ ដើម្បីបញ្ចប់មន្ទិលសង្ស័យនេះ៕



