ខេត្តតាកែវ៖ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិមួយចំនួន បានសម្តែងការមិនពេញចិត្ត និងធ្វើការរិះគន់ចំពោះការគ្រប់គ្រងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ប្រាសាទភ្នំដា ស្ថិតក្នុងភូមិព្រែកតាផ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយលើកឡើងថា សេវាបម្រើភ្ញៀវនៅតំបន់នេះ នៅមានចំណុចខ្វះខាតជាច្រើន ដែលប៉ះពាល់ដល់បទពិសោធន៍របស់អ្នកទេសចរ។
តាមការលើកឡើងរបស់ភ្ញៀវទេសចរ បានឱ្យដឹងថា នៅទីតាំងមានសង់ជាទីស្នាក់ការលក់សំបុត្រចូលទស្សនា ប៉ុន្តែជាក់ស្តែងមិនសូវឃើញមានភ្នាក់ងារប្រចាំការនៅទីនោះឡើយ។ អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនោះ គឺទីស្នាក់ការដែលគួរតែបម្រើសេវាភ្ញៀវ ត្រូវបានគេចោទថា បានក្លាយជាកន្លែងទុកស្រូវរបស់មន្ត្រីមួយចំនួនទៅវិញ។
ប្រភពដដែលបន្តថា បញ្ហាមួយទៀតដែលភ្ញៀវជួបប្រទះជាញឹកញាប់ គឺបន្ទប់ទឹកសាធារណៈនៅទីតាំងនោះតែងតែបិទទ្វារជាប់សោរ មិនអាចប្រើប្រាស់បាន។ ស្ថានភាពនេះបានធ្វើឱ្យភ្ញៀវមួយចំនួន ត្រូវដើរស្វែងរក និងសុំប្រើប្រាស់បន្ទប់ទឹក ពីប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះវិញ។
ដោយឡែក ចំពោះភ្ញៀវដែលធ្វើដំណើរទៅទស្សនាប្រាសាទភ្នំដាតាមផ្លូវទឹក ក៏បានលើកឡើងពីការលំបាកក្នុងការស្វែងរកកន្លែងចតទូក និងចំណតឡើងចុះដែលមានស្តង់ដារ។ ជាពិសេស ភ្ញៀវអន្តរជាតិមួយចំនួនបានអះអាងថា ពួកគេពិបាករកទីតាំងលក់សំបុត្រចូលទស្សនា ខណៈពេលកំពុងដើរទស្សនាក្នុងតំបន់ ស្រាប់តែមានមន្ត្រីជិះម៉ូតូមកប្រមូលថ្លៃចូលទស្សនា ដោយមិនមានការចេញបង្កាន់ដៃ ឬវិក្កយបត្រផ្លូវការណាមួយជូនភ្ញៀវឡើយ។
ករណីនេះ បានធ្វើឱ្យមានការរិះគន់ថា ការគ្រប់គ្រង និងការផ្តល់សេវាទេសចរណ៍នៅតំបន់ប្រាសាទភ្នំដា ហាក់នៅមិនទាន់ឆ្លើយតបតាមតម្រូវការរបស់ភ្ញៀវជាតិ និងអន្តរជាតិ ខណៈតំបន់នេះជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដ៏សំខាន់មួយរបស់ខេត្តតាកែវ។
ជុំវិញការរិះគន់ខាងលើ និងបញ្ហាពាក់ព័ន្ធនឹងសោភ័ណភាព ការអភិវឌ្ឍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រាសាទភ្នំដា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ឈួក ប៊ុនថន ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានបញ្ជាក់ថា បច្ចុប្បន្នតំបន់ប្រាសាទភ្នំដា ស្ថិតក្នុងគម្រោងរៀបចំដាក់បញ្ចូលជាបេតិកភណ្ឌរបស់អង្គការយូណេស្កូ ក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
លោកបានបញ្ជាក់បន្ថែមថា ចំពោះការងារអភិវឌ្ឍ សោភ័ណភាព និងការរៀបចំផ្សេងៗនៅក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រនេះ មន្ទីរទេសចរណ៍មិនមានសមត្ថកិច្ចសម្រេចដោយផ្ទាល់នោះទេ គឺមានតែមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ជាស្ថាប័នទទួលខុសត្រូវលើតំបន់នេះ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋ និងអ្នកទេសចរនៅតែស្នើសុំឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធពិនិត្យឡើងវិញលើការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងថ្លៃចូលទស្សនា ក៏ដូចជាការរៀបចំបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ប្រាសាទភ្នំដា ដើម្បីធានាបាននូវភាពងាយស្រួល សុវត្ថិភាព និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ ស្របតាមសក្តានុពលនៃតំបន់ប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះ៕


