អាជ្ញាធរស្រុកទ្រាំងចុះពិនិត្យការលក់ចំណីអាហារក្នុងសាលារៀន ពង្រឹងសុវត្ថិភាព និងសុខភាពសិស្សានុសិស្ស

អាជ្ញាធរស្រុកទ្រាំងចុះពិនិត្យការលក់ចំណីអាហារក្នុងសាលារៀន ពង្រឹងសុវត្ថិភាព និងសុខភាពសិស្សានុសិស្ស

ខេត្តតាកែវ៖ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង បានអញ្ជើញដឹកនាំសហការីចុះពិនិត្យ និងតាមដានស្ថានភាពនៃការលក់ចំណីអាហារក្នុងបរិវេណសាលារៀន ព្រមទាំងជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ សុខ អាន សន្លុង ស្ថិតក្នុងឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារដែលត្រូវបានដាក់លក់ជូនសិស្សានុសិស្ស ស្របតាមការណែនាំរបស់ក្រសួងពាក់ព័ន្ធ ដើម្បីធានាថា ចំណីអាហារទាំងនោះមានអនាម័យ គ្មានសារធាតុគីមីបង្កគ្រោះថ្នាក់ និងមានប្រភពច្បាស់លាស់ អាចទុកចិត្តបាន។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបានធ្វើការណែនាំដល់អ្នកលក់ចំណីអាហារនៅក្នុង និងជុំវិញបរិវេណសាលារៀន ឱ្យយកចិត្តទុកដាក់ខ្ពស់លើអនាម័យ ការរក្សាទុកម្ហូបអាហារ ការប្រើប្រាស់ទឹកស្អាត និងការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីការពារសុខភាពសិស្សានុសិស្ស និងជៀសវាងការកើតមានបញ្ហាពុលអាហារ ឬជំងឺផ្សេងៗដែលប៉ះពាល់ដល់ការសិក្សា។

ជាមួយគ្នានេះដែរ លោកក៏បានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដោយបានលើកទឹកចិត្តឱ្យសិស្សជ្រើសរើសទទួលទានអាហារដែលមានអនាម័យ មានជីវជាតិ និងចៀសវាងអាហារដែលមិនមានប្រភពច្បាស់លាស់ ឬអាចបង្កផលប៉ះពាល់ដល់សុខភាពក្នុងរយៈពេលវែង។

សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ រួមមាន លោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាលស្រុក លោកប្រធានការិយាល័យជំនាញពាក់ព័ន្ធ លោកមេឃុំសន្លុង សមាជិកក្រុមប្រឹក្សាឃុំសន្លុង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសន្លុង និងមន្ត្រីក្រោមឱវាទជាច្រើនរូប។

ការចុះពិនិត្យ និងណែនាំនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកទ្រាំង ក្នុងការបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព សុខភាពល្អ និងគុណភាពអប់រំខ្ពស់ សំដៅរួមចំណែកអភិវឌ្ឍធនធានមនុស្សជំនាន់ក្រោយឱ្យក្លាយជាពលរដ្ឋល្អ និងមានសមត្ថភាពសម្រាប់សង្គមជាតិ៕

img 20260615 103717 661 img 20260615 103717 511 img 20260615 103717 404 img 20260615 103716 879

Scroll to Top