ផ្ទុះការចោទប្រកាន់ថ្មី! អភិបាលរងស្រុកអង្គរបូរី លោក ហង្ស វិច្ឆិការាស្សី ដើរប្រមូលលុយពីអ្នកសាងសង់ផ្ទះ ខណៈអាជ្ញាធរស្រុករក្សាភាពស្ងៀមស្ងាត់

ផ្ទុះការចោទប្រកាន់ថ្មី! អភិបាលរងស្រុកអង្គរបូរី លោក ហង្ស វិច្ឆិការាស្សី ដើរប្រមូលលុយពីអ្នកសាងសង់ផ្ទះ ខណៈអាជ្ញាធរស្រុករក្សាភាពស្ងៀមស្ងាត់

ខេត្តតាកែវ៖ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកអង្គរបូរី កំពុងរងការចោទប្រកាន់ជាថ្មីពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីមានប្រភពព័ត៌មានជាច្រើនអះអាងថា លោកបានប្រមូលប្រាក់ពីប្រជាពលរដ្ឋដែលសាងសង់ ឬជួសជុលលំនៅឋាននៅតាមបណ្តោយផ្លូវ៦មករា ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ។

យោងតាមប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានឱ្យដឹងថា អ្នកដែលសាងសង់ផ្ទះដែកមួយខ្នង ត្រូវបង់ប្រាក់ចំនួនប្រមាណ ៤០ម៉ឺនរៀល ខណៈម្ចាស់ផ្ទះធំៗ ដែលគ្រាន់តែផ្លាស់ប្តូរដំបូល ក៏ត្រូវបង់ប្រាក់រហូតដល់ ៦០ម៉ឺនរៀលផងដែរ។

ប្រភពដដែលបានបន្ថែមថា ការទទួលប្រាក់ពេលនេះ មិនត្រូវបានធ្វើឡើងតាមរយៈការផ្ទេរប្រាក់តាម QR Code ដូចកន្លងមកទៀតឡើយ ប៉ុន្តែត្រូវបានហៅឱ្យចូលជួបក្នុងរថយន្តផ្ទាល់ ដើម្បីប្រគល់ប្រាក់ជាសាច់ប្រាក់។

ការចោទប្រកាន់ថ្មីនេះ បានធ្វើឱ្យមហាជននឹកឃើញដល់ករណីចម្រូងចម្រាសមួយដែលធ្លាប់ផ្ទុះឡើងកន្លងមក ពាក់ព័ន្ធនឹងលោកស្រី ប្រាក់ ចាន់ណា ប្រធានវិនិយោគផ្សារអង្គរបូរី។

តាមការលើកឡើងរបស់លោកស្រី ប្រាក់ ចាន់ណា កន្លងមក លោក ហង្ស វិច្ឆិការាស្សី ធ្លាប់បានទាក់ទង និងទាមទារប្រាក់ពីលោកស្រី។ ដំបូងឡើយ លោកបានទាមទារប្រាក់ចំនួន ១០០ដុល្លារអាមេរិក ប៉ុន្តែដោយសារមានការខ្វះខាតថវិកា លោកស្រីអាចផ្តល់ជូនបានត្រឹម ១៥ម៉ឺនរៀលប៉ុណ្ណោះ។

លោកស្រីបានអះអាងបន្ថែមថា ក្រោយមក លោកអភិបាលរងស្រុករូបនេះ បានទូរស័ព្ទណាត់ជួបលោកស្រីនៅផ្ទះជួលរបស់លោក។ ក្នុងជំនួបនោះ លោកស្រីអះអាងថា លោក ហង្ស វិច្ឆិការាស្សី បានទាមទារឱ្យបង់ប្រាក់ចំនួន ១លានរៀល ដោយលើកហេតុផលថា ប្រសិនបើមិនបង់ប្រាក់ទេ អាជ្ញាប័ណ្ណវិនិយោគផ្សារអង្គរបូរីរបស់លោកស្រី អាចប្រឈមនឹងការដកហូត។

ទោះជាយ៉ាងណា លោកស្រី ប្រាក់ ចាន់ណា បានបញ្ជាក់ថា នៅពេលនោះ លោកស្រីមិនមានលទ្ធភាពរកប្រាក់បានគ្រប់ចំនួនដូចការទាមទារនោះទេ។

ជុំវិញការចោទប្រកាន់ជាបន្តបន្ទាប់នេះ មហាជនកំពុងរង់ចាំការបកស្រាយពីសំណាក់លោក ហង្ស វិច្ឆិការាស្សី ក៏ដូចជាវិធានការរបស់លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី ថាតើនឹងមានការស៊ើបអង្កេត ឬចាត់វិធានការយ៉ាងណាចំពោះការចោទប្រកាន់ទាំងនេះ ដើម្បីធានាបាននូវតម្លាភាព និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕

img 20260615 095824 736 img 20260615 100033 184 img 20260615 100012 269 img 20260615 100019 411 img 20260603 110304 303 1 img 20260604 223425 780 img 20260604 184335 063 fb img 1781076029212 fb img 1781076004582 screenshot 20260610 141926 facebook screenshot 20260610 141851 facebook

Scroll to Top