ប្រជាពលរដ្ឋស្នើអាជ្ញាធរជួយអន្តរាគមន៍ ផ្លូវលេខ៣៣ ក្បែរសាលាក្រុងដូនកែវ ខូចខាត និងលិចទឹក ពិបាកធ្វើដំណើរខ្លាំង

ប្រជាពលរដ្ឋស្នើអាជ្ញាធរជួយអន្តរាគមន៍ ផ្លូវលេខ៣៣ ក្បែរសាលាក្រុងដូនកែវ ខូចខាត និងលិចទឹក ពិបាកធ្វើដំណើរខ្លាំង

ខេត្តតាកែវ៖ ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវលេខ៣៣ ស្ថិតនៅក្បែរសាលាក្រុងដូនកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ បានលើកឡើងពីក្តីកង្វល់ និងសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យជួយពិនិត្យ និងអន្តរាគមន៍ដោះស្រាយបញ្ហាផ្លូវខូចខាត និងប្រព័ន្ធរំដោះទឹកនៅតំបន់នេះ ដែលកំពុងបង្កការលំបាកដល់ការរស់នៅ និងការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវមួយខ្សែនេះមានសភាពខូចខាតជាច្រើនកន្លែង ដោយមានជង្ហុក និងផ្ទៃផ្លូវទ្រុឌទ្រោម។ ជាពិសេស នៅពេលមានភ្លៀងធ្លាក់ម្តងៗ ទឹកតែងជន់លិចដក់ជ្រាំអូសបន្លាយជាច្រើនថ្ងៃ ដោយសារមិនទាន់មានប្រព័ន្ធលូរំដោះទឹកគ្រប់គ្រាន់។ ស្ថានភាពនេះបានធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកប្រើប្រាស់ផ្លូវទូទៅជួបការលំបាកយ៉ាងខ្លាំង។

ប្រជាពលរដ្ឋបន្តថា ខណៈពេលនេះរដូវវស្សាបានចូលមកដល់ហើយ ប្រសិនបើមិនមានការជួសជុល ឬស្ថាបនាប្រព័ន្ធលូ និងផ្លូវបេតុងឱ្យបានទាន់ពេលវេលាទេ នោះបញ្ហាលិចទឹកនឹងកាន់តែធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់សុវត្ថិភាពនៃការធ្វើដំណើរ និងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

តាមរយៈសំណូមពរនេះ ប្រជាពលរដ្ឋសូមគោរពអំពាវនាវដល់ថ្នាក់ដឹកនាំខេត្តតាកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោក ឌឹម គឹមសាន្ត អភិបាលនៃគណៈអភិបាលក្រុងដូនកែវ មេត្តាជួយពិនិត្យលទ្ធភាពស្ថាបនាប្រព័ន្ធលូរំដោះទឹក និងចាក់ផ្លូវបេតុងនៅតាមបណ្តោយផ្លូវលេខ៣៣នេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការលិចទឹក និងលើកកម្ពស់សោភ័ណភាពក្នុងក្រុងឱ្យកាន់តែល្អប្រសើរ។

ក្រោយមានការសំណូមពរពីពលរដ្ឋ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦លោក ឌឹម គឹមសាន្ត អភិបាលនៃគណៈអភិបាលក្រុងដូនកែវ បានចុះពិនិត្យនឹងរកដំណោះស្រាយភ្លាមៗពាក់ព័ន្ធនិងផ្លូវក្រុងលេខ៣៣ដែលកំពុងតែទ្រុតទ្រោមនិងដក់ទឹក៕

img 20260615 111513 403 img 20260615 111512 824 img 20260615 111513 050 img 20260615 111513 623 img 20260615 112508 605img 20260615 111513 229

Scroll to Top