រាជធានីភ្នំពេញ៖ លោកហ៊ាង ប៊ុនថា ស្ថាបនិកសារព័ត៌មាន The Mirror News បានលើកទស្សនៈផ្ទាល់ខ្លួនថា៖ ខ្ញុំមើលឃើញថា លោក ហួត ហាក់ កំពុងបង្ហាញពីភាពសកម្ម និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកាន់ប្រទេសកម្ពុជា។ ប៉ុន្តែការអភិវឌ្ឍវិស័យទេសចរណ៍ មិនអាចពឹងផ្អែកលើក្រសួងទេសចរណ៍តែមួយបានឡើយ ព្រោះវិស័យនេះត្រូវការ ការចូលរួមពីគ្រប់ភាគី ជាពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់។ នេះបើយោងតាមប្រភពដែលបណ្តាញសារព័ត៌មានពេញចិត្តមេឌាទទួលបាននាព្រឺកនេះ។
បើប្រៀបធៀបឱ្យងាយយល់ ក្រសួងទេសចរណ៍ប្រៀបដូចជា «អ្នកអញ្ជើញភ្ញៀវមកផ្ទះ» ខណៈអាជ្ញាធរមូលដ្ឋានប្រៀបដូចជា «ម្ចាស់ផ្ទះដែលរៀបចំផ្ទះទទួលភ្ញៀវ»។ ប្រសិនបើអ្នកអញ្ជើញខិតខំទាក់ទាញភ្ញៀវមកបានច្រើន ប៉ុន្តែម្ចាស់ផ្ទះមិនបានរៀបចំបរិស្ថានឱ្យស្អាត មានសណ្ដាប់ធ្នាប់ និងភាពកក់ក្តៅសមរម្យទេ នោះភ្ញៀវដែលមកដល់ហើយក៏ពិបាកនឹងមានអារម្មណ៍ល្អ និងចង់ត្រឡប់មកវិញ។
ជាក់ស្ដែង ភ្ញៀវទេសចរអន្តរជាតិមិនមែនវាយតម្លៃតែប្រាសាទ ឬរមណីយដ្ឋានប៉ុណ្ណោះទេ។ ពួកគេវាយតម្លៃលើបរិស្ថានជុំវិញ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព អនាម័យ សេវាកម្ម ភាពរួសរាយរាក់ទាក់ និងបទពិសោធន៍ទាំងមូលដែលពួកគេទទួលបាន។ កន្លែងទេសចរណ៍មួយអាចមានសក្ដានុពលខ្លាំង ប៉ុន្តែបើខ្វះការគ្រប់គ្រងល្អ ភាពទាក់ទាញនោះក៏អាចធ្លាក់ចុះបានដែរ។
ដូច្នេះ ផ្លូវទៅរកភាពជោគជ័យរបស់វិស័យទេសចរណ៍កម្ពុជា មិនមែនស្ថិតនៅលើការផ្សព្វផ្សាយតែមួយមុខនោះទេ ប៉ុន្តែត្រូវចាប់ផ្ដើមពីការរៀបចំមូលដ្ឋានឱ្យមានស្តង់ដារ។ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់គួរតែពង្រឹងអនាម័យបរិស្ថាន រៀបចំសណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់ភាពអនាធិបតេយ្យ បង្កើនសុវត្ថិភាព និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសោភ័ណភាពតំបន់របស់ខ្លួន។ ទន្ទឹមនឹងនេះ អាជីវករ និងអ្នកផ្ដល់សេវាកម្មទេសចរណ៍ក៏ត្រូវលើកកម្ពស់គុណភាពសេវាកម្ម សុចរិតភាព និងវិជ្ជាជីវៈផងដែរ។
បើនិយាយជាន័យប្រៀបធៀប ក្រសួងទេសចរណ៍អាចប្រៀបបានដូចជា «ស្វាមីដ៏សកម្ម» ដែលខិតខំស្វែងរក និងអញ្ជើញភ្ញៀវមកកាន់ផ្ទះ ខណៈអាជ្ញាធរមូលដ្ឋានប្រៀបដូចជា «ភរិយាដ៏ស្វាហាប់ ម៉ឺងម៉ាត់ ម៉ត់ចត់ ច្បាស់លាស់ និងទន់ភ្លន់» ដែលរៀបចំផ្ទះឱ្យស្អាត មានរបៀបរៀបរយ និងបង្កើតបរិយាកាសកក់ក្តៅសម្រាប់ទទួលភ្ញៀវ។ ភាពជោគជ័យនឹងកើតឡើងនៅពេលភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបានល្អ មិនមែនធ្វើការដាច់ដោយឡែកពីគ្នានោះទេ។
ការអភិវឌ្ឍវិស័យទេសចរណ៍ គឺជាការងាររួមរបស់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់។ បើថ្នាក់ជាតិខិតខំទាក់ទាញភ្ញៀវ ខណៈមូលដ្ឋានខិតខំរៀបចំទីកន្លែងឱ្យស្អាត មានសណ្ដាប់ធ្នាប់ សុវត្ថិភាព និងស្តង់ដារ នោះភ្ញៀវទេសចរនឹងមកហើយចង់ស្នាក់នៅយូរ ចំណាយប្រាក់កាន់តែច្រើន និងក្លាយជាអ្នកផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់កម្ពុជាទៅកាន់ពិភពលោក។ នេះហើយជាគន្លឹះពិតប្រាកដនៃភាពជោគជ័យប្រកបដោយចីរភាពរបស់វិស័យទេសចរណ៍កម្ពុជា៕


