ជាករណីចម្លែកដែលអ្នកកាសែតបានប្ដឹងអ្នកកាសែតទៅក្រសួងព័ត៌មាននៅគ្រាដែលគេហទំព័រកងមាស និងផល្លីញ៉ូសមិនបានអត្ថាធិប្បាយ ប៉ះពាល់ដល់ឈ្មោះបុគ្គលជាអ្នកកាសែតម្នាក់ណាឡើយ។ តើវារឿង” ឆ្នាំងមិនក្តៅ,ទៅក្តៅគម្របឬយ៉ាងណា? “ហេតុអ្វីបានជាបុគ្គលអ្នកកាសែត មិនមើលសិក្សាអំពីដើមហេតុនៃសាច់រឿង ដែលបុរសជាមេជាងសំណង់ម្នាក់ លេបលុយស្ត្រីមេម៉ាយក្រីក្រម្នាក់ នៅឯស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលជាប្រធាននៃរឿងនោះ?តាមប្រភពដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទើបទទួលបាននាល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ។
ក្នុងបទអត្ថាធិប្បាយរបស់អ្នកកាសែតកងមាស ក៏ដូចជាការស៊ែរផ្សាយបន្ត ដោយគេហទំព័រផល្លីញូវ មិនបានប៉ះ ពាល់ទៅដល់អ្នកកាសែតណានោះឡើយ ។ វាគ្រាន់តែជាបទអត្ថាធិប្បាយសំដៅទៅលើបុគ្គល ជាជាងម៉ៅការសំណង់ ដែលមិនទទួលខុសត្រូវចំពោះអ្វី ដែលខ្លួនបានសន្យាជាមួយម្ចាស់ផ្ទះ។ ហេតុអ្វីបានជាអ្នកកាសែតលេចវត្តមាននៅក្នុងរឿងនេះ ជាមួយនឹងបុរសជាអ្នកម៉ៅការសំណង់នោះទៅវិញ។
នៅក្នុងពាក្យបណ្ដឹងដែលសរសេរអក្សរមិនត្រង់ជ្រុង នៃអ្នកកាសែតដាក់ចូលរដ្ឋមន្ត្រីក្រសួងព័ត៌មាននោះ គឺបង្ហាញឲ្យឃើញពីចេតនានៃខួរក្បាលរាក់ៗ ក្នុងការលូក ដៃចូលអន្តរាគមន៍ ក្នុងជម្លោះរវាងអ្នកម៉ៅការសំណង់និងម្ចាស់ផ្ទះ ប៉ុន្តែមិនបានសរសេរព័ត៌មានអំពីរឿងរ៉ាវដែលនាំឱ្យមានហេតុផលក្នុងជម្លោះនោះឡើយ។
យ៉ាងណាក៏ដោយស្ត្រីមេម៉ាយដែលជាជនរងគ្រោះបានដាក់ពាក្យប្ដឹងសូមអន្តរាគមន៍ ពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែងរួចហើយដែរ។ តាមវិជ្ជាជីវៈគេហទំព័រយើងខ្ញុំមិនធ្វើអត្ថាធិប្បាយលើបញ្ហាបណ្ដឹងនេះទៀតទេ ដោយគ្រាន់តែផ្សាយនៅខ្លឹមសារបណ្ដឹងទាំងស្រុង៖
ពាក្យបណ្តឹង៖ នាងខ្ញុំឈ្មោះ ផង់ សារ៉េម អាយុ ៥៦ឆ្នាំ មានទីលំនៅ ភូមិបន្ទាបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សូមគោរពចូលមកលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រៃវែង
កម្មវត្ថុ សុំប្តឹងឈ្មោះ ប្រាក់ រិត ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅ ភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្ត កណ្តាល ពីបទ រំលោភលើទំនុកចិត្ត និង ឆបោក។
តបតាមកម្មវត្ថុខាងលើ នាងខ្ញុំមានកិត្តិយសគោរពនិងជម្រាបជូន លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រៃវែង មេត្តាជ្រាបថា៖
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ រូបនាងខ្ញុំបានព្រមព្រៀងគ្នាធ្វើកិច្ចសន្យាសាងសង់ផ្ទះមួយកន្លែងនៅ ចំណុចភូមិ បន្ទាបុស្ស ឃុំអន្សោង ស្រុកកំបង់ត្របែក ខេត្តព្រៃវែង ជាមួយឈ្មោះ ប្រាក់ រិត ភេទប្រុស អាយុ ៤៦ឆ្នាំ មាន ទីលំនៅ ភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្ត កណ្តាល ជាជាងម៉ៅការធ្វើផ្ទះ ក្នុងតម្លៃចំនួន ១៣,០០០ $ (មួយម៉ឺន បីពាន់ដុល្លា)ដោយបង់ប្រាក់ឲ្យទៅឈ្មោះ ប្រាក់ រិត ជាដំណាក់កាលតាមកិច្ចសន្យា។ នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦ រូប នាងខ្ញុំបានបង់ប្រាក់លើកទី១ ចំនួន ២,០០០$ (ពីរពាន់ដុល្លា) លើទី២ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ចំនួន ៥,០០០$ (ប្រាំពាន់ដុល្លា)។ លុះនៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២៦ ឈ្មោះ ប្រាក់ រិត បានខ្ចីប្រាក់ខ្ញុំមុនកំណត់ ចំនួន ៥,២០០$ (ប្រាំពាន់ពីររយដុល្លា)។ស្រាប់តែនៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល៣ ទៀបភ្លឺ ឈ្មោះ ប្រាក់ រិត បានរត់ចេញទៅបាត់ ដោយបានលួចយកស៊ីម៉ង់របស់នាងខ្ញុំចំនួន ១២បាវ ទៅជាមួយផង។
សំណូមពរ
១. សូមទាមទារប្រាក់សំណងជម្ងឺចិត្ត និងខាតបង់ពេលវេលា ចំនួន ២០,០០០$ (ពីរម៉ឺនដុល្លា) ពីឈ្មោះ ប្រាក់ រិត ។
២. សូម លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រៃវែង មេត្តាចាត់ការឈ្មោះ ប្រាក់ រិត ទៅតាមផ្លូវច្បាប់ ។
អាស្រ័យដូចបានជម្រាបជូនតាមកម្មវត្ថុខាងលើសូម លោកឧត្តគេនីយ៍ទោ ស្នងការនគរបាលខេត្តព្រៃវែង មេត្តាជួយដោះស្រាយដោយក្តីអនុគ្រោះ។
សូម លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រៃវែង មេត្តាទទួលនូវការគោរពពីនាងខ្ញុំដ៏ខ្ពង់ខ្ពស់។ ថ្ងៃចន្ទ ១១កើតខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៦៩ ព្រៃវែង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦៕


