ខេត្តតាកែវ៖ លោក អ៊ំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ ចុះទៅសម្រុះសម្រួល និងដោះស្រាយវិវាទពាក់ព័ន្ធនឹងការប្រើប្រាស់ផ្លូវសាធារណៈជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រៃទូក ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងប្រតិបត្តិការដោះស្រាយបញ្ហានេះ មានការចូលរួមពីលោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាលស្រុក លោក លោកស្រីមេឃុំ មេភូមិ ព្រមទាំងប្រជាពលរដ្ឋពាក់ព័ន្ធជាច្រើនរូប ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយតម្លាភាព យុត្តិធម៌ និងរក្សាបាននូវសាមគ្គីភាពក្នុងសហគមន៍។
លោកអភិបាលស្រុកបានស្តាប់នូវការលើកឡើង ក្តីកង្វល់ និងសំណូមពររបស់ភាគីពាក់ព័ន្ធ ដោយផ្អែកលើគោលការណ៍ច្បាប់ ការយោគយល់អធ្យាស្រ័យ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋជាចម្បង។ បន្ទាប់ពីការពិភាក្សា និងសម្រុះសម្រួលយ៉ាងយកចិត្តទុកដាក់ ភាគីទាំងអស់បានឯកភាពទទួលយកដំណោះស្រាយរបស់អាជ្ញាធរ និងអនុញ្ញាតឱ្យបើកផ្លូវសម្រាប់ការធ្វើដំណើរឡើងវិញ ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ។
លោក អភិបាលស្រុកទ្រាំងបានបញ្ជាក់ថា ការដោះស្រាយវិវាទផ្លូវនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកកាត់បន្ថយជម្លោះក្នុងមូលដ្ឋាន ពង្រឹងសន្តិភាព សណ្តាប់ធ្នាប់សង្គម និងលើកកម្ពស់ទំនាក់ទំនងល្អរវាងអ្នកជិតខាងផងដែរ។
ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកិច្ចសម្រុះសម្រួលនេះ បានសម្តែងការពេញចិត្ត និងអបអរសាទរចំពោះចំណាត់ការដ៏ទាន់ពេលវេលារបស់អាជ្ញាធរស្រុក និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ចុះដោះស្រាយបញ្ហាជាក់ស្តែងជូនពលរដ្ឋ ដោយមិនទុកឱ្យវិវាទអូសបន្លាយរហូតប៉ះពាល់ដល់សុខដុមរមនាក្នុងសហគមន៍។
លោក អ៊ំ ចំរើន អភិបាលស្រុកទ្រាំងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តគោរពច្បាប់ រក្សាសាមគ្គីភាព និងដោះស្រាយបញ្ហាផ្សេងៗតាមរយៈការពិភាក្សា និងសម្រុះសម្រួលដោយសន្តិវិធី ដើម្បីរួមគ្នាកសាងភូមិឃុំឱ្យមានសុវត្ថិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព៕


