ខេត្តតាកែវ៖ ប្រជាពលរដ្ឋមួយចំនួនបានសម្តែងការមិនពេញចិត្ត និងស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេសលោក ឌឹម គឹមសាន្ត អភិបាលក្រុងដូនកែវ ចុះពិនិត្យករណីប្រមូលភាស៊ីនៅទីតាំងទិញ-លក់មាន់ និងទា ស្ថិតនៅផ្នែកខាងកើតផ្សារធំតាកែវ បន្ទាប់ពីមានការអះអាងថា អ្នកលក់មាន់ទាម្តងម្កាលក៏ត្រូវបានទារប្រាក់ផងដែរ។
ប្រភពពីប្រជាពលរដ្ឋដែលបាននាំមាន់ និងទាចំនួនតិចតួច មួយ ឬពីរក្បាល មកលក់នៅទីតាំងខាងលើ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា មានស្ត្រីម្នាក់បានដើរប្រមូលប្រាក់ពីអ្នកលក់ ដោយអះអាងថា ជាថ្លៃភាស៊ីសម្រាប់បង់ឱ្យថ្នាក់លើ ឬ “មេ”។ បើតាមការលើកឡើងរបស់ពលរដ្ឋ បុគ្គលនោះថែមទាំងប្រាប់ថា ប្រសិនបើមិនព្រមបង់ប្រាក់ទេ ថ្ងៃក្រោយអាចនឹងមិនអនុញ្ញាតឱ្យមកលក់នៅទីតាំងនោះបន្តទៀត។
ពលរដ្ឋបានបញ្ជាក់ថា ពួកគាត់មិនមែនជាអាជីវករ ឬឈ្មួញដែលប្រកបរបរទិញ-លក់មាន់ទាជាប្រចាំនោះទេ។ ផ្ទុយទៅវិញ គ្រាន់តែជាកសិករ ឬអ្នកចិញ្ចឹមតាមគ្រួសារ ដែលមានមាន់ ឬទាលើសតម្រូវការ ហើយនាំយកមកលក់ម្តងម្កាលដើម្បីរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។ ដូច្នេះ ពួកគាត់មានចម្ងល់ថា តើការប្រមូលប្រាក់ពីអ្នកលក់តិចតួចបែបនេះ ស្របតាមគោលការណ៍ និងមានការកំណត់ច្បាស់លាស់ពីអាជ្ញាធរដែរឬទេ?
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ប្រសិនបើការប្រមូលភាស៊ីមានមូលដ្ឋានច្បាប់ និងមានវិក្កយបត្រ ឬបង្កាន់ដៃត្រឹមត្រូវ នោះពួកគាត់អាចទទួលយកបាន។ ប៉ុន្តែបើជាការប្រមូលដោយគ្មានការបញ្ជាក់ច្បាស់លាស់ អាចធ្វើឱ្យមានការយល់ច្រឡំ និងបង្កការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការគ្រប់គ្រងទីផ្សារ។
ជុំវិញបញ្ហានេះ ពលរដ្ឋសំណូមពរឱ្យរដ្ឋបាលក្រុងដូនកែវ និងស្ថាប័នពាក់ព័ន្ធ ចុះស្រាវជ្រាវ និងពិនិត្យឱ្យបានច្បាស់លាស់ថា តើការប្រមូលប្រាក់នៅទីតាំងទិញ-លក់មាន់ទាខាងកើតផ្សារធំតាកែវ មានការអនុញ្ញាតត្រឹមត្រូវ ឬយ៉ាងណា ដើម្បីធានាឱ្យមានតម្លាភាព យុត្តិធម៌ និងជៀសវាងការរិះគន់ថា «ចង្វាចិញ្ចឹមឆ្ដោ» ដែលអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាជ្ញាធរមូលដ្ឋាន។
ប្រជាពលរដ្ឋរំពឹងថា ការចុះពិនិត្យ និងដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស នឹងជួយការពារផលប្រយោជន៍របស់អ្នកលក់តូចតាច និងធានាបាននូវបរិយាកាសពាណិជ្ជកម្មប្រកបដោយភាពស្មើភាព និងតម្លាភាពនៅក្នុងផ្សារធំតាកែវ៕


