ខេត្តតាកែវ៖ ព្រឹកថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឈួន សុវណ្ណនរា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានដឹកនាំកម្លាំងក្រោមឱវាទចូលរួមកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធ Zoom Meetings ដែលរៀបចំឡើងនៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន។
កិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន លោក លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានពាក់ព័ន្ធ ព្រមទាំងមន្ត្រីតាមបណ្តាប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិ ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ និងក្រុមការងារផ្តល់ទិដ្ឋាការមួយចំនួននៅទូទាំងប្រទេស។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងអន្តោប្រវេសន៍ ការត្រួតពិនិត្យចេញ-ចូលរបស់ភ្ញៀវជាតិ និងអន្តរជាតិ ក៏ដូចជាការបង្កើនការយកចិត្តទុកដាក់លើសន្តិសុខ សណ្តាប់ធ្នាប់ និងការអនុវត្តច្បាប់នៅតាមច្រកទ្វារព្រំដែនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះ លោក អគ្គនាយកអន្តោប្រវេសន៍ បានណែនាំដល់មន្ត្រីជំនាញគ្រប់អង្គភាព ត្រូវបន្តពង្រឹងវិន័យការងារ បង្កើនការទទួលខុសត្រូវក្នុងការបំពេញភារកិច្ច ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីធានាដល់ការគ្រប់គ្រងចលនាចេញ-ចូលឆ្លងដែនប្រកបដោយសុវត្ថិភាព តម្លាភាព និងស្របតាមនីតិវិធីច្បាប់ជាធរមាន។
ជាមួយគ្នានេះ មន្ត្រីនគរបាលអន្តោប្រវេសន៍នៅតាមច្រកទ្វារព្រំដែននានា ត្រូវត្រៀមខ្លួនជានិច្ចក្នុងការឆ្លើយតបចំពោះស្ថានភាពនានាដែលអាចកើតមាន ពិសេសការទប់ស្កាត់បទល្មើសឆ្លងដែន ការជួញដូរមនុស្ស ការធ្វើដំណើរខុសច្បាប់ និងសកម្មភាពផ្សេងៗដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ។
សូមបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំបន្ទាន់តាមប្រព័ន្ធអនឡាញនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងការតាមដានស្ថានភាពការងារជាក់ស្តែង និងការពង្រឹងសមត្ថភាពប្រតិបត្តិការរបស់មន្ត្រីនៅតាមច្រកទ្វារព្រំដែនទូទាំងប្រទេស ដើម្បីរួមចំណែកថែរក្សាសន្តិសុខ សុវត្ថិភាព និងការពារអធិបតេយ្យភាពជាតិឱ្យបានរឹងមាំ៕


