ខេត្តតាកែវ៖ ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនគុណភាពរស់នៅរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី បានដឹកនាំលោកអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការសាលាស្រុក និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ចុះអនុវត្តយុទ្ធនាការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងធ្វើអនាម័យបរិស្ថានតាមដងផ្លូវ និងទីប្រជុំជនសំខាន់ៗក្នុងភូមិសាស្ត្រស្រុកបាទី។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរួមគ្នាសម្អាត និងប្រមូលកាកសំណល់សម្រាម កាប់ឆ្ការមែកឈើដែលរាំងស្ទះការធ្វើដំណើរ និងប៉ះពាល់ដល់សោភ័ណភាពសាធារណៈ ព្រមទាំងរៀបចំបរិវេណតាមដងផ្លូវឱ្យមានភាពស្អាត របៀបរៀបរយ និងមានសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។
ជាមួយគ្នានេះ អាជ្ញាធរក៏បានធ្វើការផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រើប្រាស់ទីសាធារណៈ ឱ្យចូលរួមថែរក្សាអនាម័យ ដោយទុកដាក់សម្ភារ កាកសំណល់ និងសំរាមឱ្យបានត្រឹមត្រូវតាមទីតាំងដែលបានកំណត់ ជៀសវាងការដាក់តាំងទំនិញ ឬសម្ភារផ្សេងៗរំលោភលើចិញ្ចើមផ្លូវ ដែលអាចបង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
លោក សាយ វណ្ណៈ បានលើកឡើងថា ការថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់មិនមែនជាតួនាទីរបស់អាជ្ញាធរតែមួយភាគីនោះទេ ប៉ុន្តែជាកាតព្វកិច្ចរួមរបស់ប្រជាពលរដ្ឋគ្រប់រូប។ ការចូលរួមពីសហគមន៍នឹងជួយធ្វើឱ្យមូលដ្ឋានមានភាពស្អាត បៃតង និងគួរឱ្យរស់នៅ ព្រមទាំងរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ និងទាក់ទាញការវិនិយោគ ក៏ដូចជាវិស័យទេសចរណ៍ក្នុងតំបន់។
ក្នុងឱកាសនោះដែរ លោកអភិបាលស្រុកបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តអនុវត្តអនាម័យឱ្យបានជាប្រចាំ ដោយចាប់ផ្តើមពីខ្លួនឯង គ្រួសារ និងសហគមន៍ ព្រោះបរិស្ថានស្អាត គឺជាមូលដ្ឋានគ្រឹះនៃសុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាព។
យុទ្ធនាការនេះ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាឱ្យមូលដ្ឋានមានភាពស្អាត សុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់ការរស់នៅ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ៕


