ខេត្តមណ្ឌលគិរី៖ ពិតជាគួរឱ្យកោតសរសើរក្រៃលែង មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី ចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដក ហូតឈើអារប្រភេទលេខ១ (សុក្រំ) ជិត ១៥០កំណាត់ រួមទាំងគោយន្តកន្ត្រៃ និងម៉ូតូជាច្រើនគ្រឿង។
សួរថា តើឈឺស៊ុក្រំ១៥០កំណាត់នោះ ត្រូវកាប់ផ្តួលរំលំពីដើមឈើដែលឈរចំនួនប៉ុន្មានដើម? យ៉ាងណា ក៏ដោយនេះជាវិធានការជោគជ័យមួយ ដែលមិនអនុញ្ញាតឲ្យឈ្មោះនាំឈើដែលអារួចនោះទៅកាន់ទីផ្សារ។ តែវាក៏បញ្ជាក់ជាក់ច្បាស់ដែរថា សកម្មភាពកាប់បំផ្លាញអាផ្ដួល រំលំឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ នៅ ក្រោមការគ្រប់គ្រងរបស់លោកឌិន ប៊ុនថាច នៅតែកើតមានជាធម្មតា។
ប្រភពរាយការណ៍ថា ការចុះបង្ក្រាបនេះប្រើពេលអស់៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ស្ថិតក្នុងភូមិសាស្ត្រភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ទៅល្បាតដល់ចំណុចដៃអូរជាវ មន្ត្រីជំនាញបានប្រទះឃើញជនសង្ស័យមួយក្រុម មានគ្នាចំនួន ១១នាក់ កំពុងបើកបរគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កចំនួន០៤គ្រឿង ដឹកជញ្ជូនឈើអារប្រភេទសុក្រំ។
នៅពេលឃើញសមត្ថកិច្ច ក្រុមជនសង្ស័យបានបើកគោយន្តគេចខ្លួន រហូតដល់ចំណុចត្រពាំងកណ្តោល ដោយសារស្ថានភាពផ្លូវផុងខ្លាំង ក្រុមជនសង្ស័យបានស្រាយខ្សែពួរទម្លាក់ឈើចោល ហើយបានបន្សល់ទុកម៉ូតូម៉ាក Wave ពណ៌ស គ្មានស្លាកលេខ ០១គ្រឿង រួចបើកគោយន្តបន្តទៅមុខ។ មន្ត្រីជំនាញបានដេញតាមរហូតដល់ចំណុចស្រែប៉ាង ក៏រកឃើញគោយន្តកន្ត្រៃចំនួន ០៣គ្រឿង ដែលជនល្មើសយកទៅលាក់ក្នុងព្រៃ រួចរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែកគោយន្ត ០១គ្រឿងទៀត បានរត់គេចរួច ដោយសារកម្លាំងមន្ត្រីមានចំនួនតិច និងស្ថានភាពមេឃងងឹតខ្លាំង។
វត្ថុតាងគោយន្ត ០៣គ្រឿង និងម៉ូតូ ០១គ្រឿង ឈើ ១៥០កំណាត់ ស្មើ ៤ ,៣៦១ ម៉ែត្រគូប ហើយបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


