ខេត្តតាកែវ៖ រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ុំ ចំរើន អភិបាលស្រុកទ្រាំង បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កិច្ចការច្បាប់ និងការគ្រប់គ្រងព័ត៌មាន របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ងិន ងិនដា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានក្រុមការងារ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុក ថ្នាក់ដឹកនាំរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ក្នុងនោះ រួមមានលោកនាយករដ្ឋបាលស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក ប្រធានការិយាល័យដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីស្រុក ប្រធានការិយាល័យច្រកចេញចូលតែមួយ លោក លោកស្រីមេឃុំទាំង១៤ឃុំ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំទាំង១៤។
កិច្ចប្រជុំបានផ្តោតលើការពិនិត្យវឌ្ឍនភាពការងារ ការពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងលើកឡើងនូវវិធានការបន្ថែម ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ និងការគ្រប់គ្រងព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងមូលដ្ឋាន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលស្រុកទ្រាំង ក្នុងបរិយាកាសការងារប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការល្អ សំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕


