ប្រតិបត្តិការដ៏ភ្ញាក់ផ្អើលមួយរបស់កម្លាំងពិសេសនៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស (គយចល័ត) នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ ដឹកនាំដោយលោកព្រាប គារ៉ាត់ សហការជាមួយព្រះរាជអាជ្ញា និងអាជ្ញាធរមូលដ្ឋាន បានឆ្មក់ចុះត្រួតពិនិត្យទីតាំងស្តុកទំនិញចំនួន២កន្លែង នៅខេត្តកណ្ដាល និងខេត្តតាកែវ ដោយរកឃើញទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់សរុបជាង ៣០តោន ដែលកំពុងរងការចាត់វិធានការតាមផ្លូវច្បាប់។
ប្រតិបត្តិការនេះត្រូវបានគេមើលឃើញថា ជាការបង្ហាញពីប្រសិទ្ធភាពរបស់កម្លាំងគយចល័តក្នុងការបង្ក្រាបអំពើរត់ពន្ធ ខណៈដែលសាធារណជនកំពុងចោទជាសំណួរថា តើហេតុអ្វីបានជាទំនិញក្នុងបរិមាណដ៏ច្រើនបែបនេះ អាចឆ្លងកាត់ច្រកព្រំដែន និងយកមកស្តុកទុកបានដោយរលូន ដោយមិនមានការទប់ស្កាត់ពីសាខាគយប្រចាំខេត្តដែលមានសមត្ថកិច្ចផ្ទាល់?
តាមប្រភពព័ត៌មាន ករណីទី១ នៅក្រុងសំពៅពូន ខេត្តកណ្ដាល កម្លាំងគយចល័តបានរកឃើញសាច់បង្កកជាង ១៨តោន និងគ្រឿងទេសជាង ៧តោន សរុបប្រមាណ ២៥តោន នៅក្នុងឃ្លាំងស្តុកទំនិញមួយរបស់ជនជាតិចិន។ ចំណែកនៅស្រុកអង្គរបុរី ខេត្តតាកែវ មន្ត្រីជំនាញបានរកឃើញទំនិញចម្រុះបង់ពន្ធមិនគ្រប់ជាង ១០តោន នៅឃ្លាំងមួយក្បែរច្រកព្រំដែនបាក់ដៃ។
មជ្ឈដ្ឋានជាច្រើនបានលើកឡើងថា ការរកឃើញទំនិញខុសច្បាប់ក្នុងបរិមាណដ៏ច្រើនបែបនេះ បង្ហាញពីភាពខ្វះចន្លោះក្នុងការត្រួតពិនិត្យ និងគ្រប់គ្រងនៅតាមមូលដ្ឋាន ជាពិសេសនៅតំបន់ព្រំដែនដែលជាចំណុចរសើបនៃការនាំចូលទំនិញ។ ទន្ទឹមនឹងនេះ ក៏មានការទាមទារឱ្យមានការស៊ើបអង្កេតផ្ទៃក្នុង ដើម្បីកំណត់ការទទួលខុសត្រូវរបស់មន្ត្រីពាក់ព័ន្ធឱ្យបានច្បាស់លាស់។
ប្រភពពីមន្ត្រីគយមួយរូបបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះមានគោលបំណងទប់ស្កាត់ការរត់ពន្ធ និងការបន្លំពន្ធ ដែលបណ្ដាលឱ្យបាត់បង់ចំណូលថវិការដ្ឋ។ បច្ចុប្បន្ន ម្ចាស់ទំនិញត្រូវបានតម្រូវឱ្យចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធ និងទទួលការផាកពិន័យស្របតាមច្បាប់គយជាធរមាន។
មហាជនកំពុងរង់ចាំមើលថា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងមានវិធានការយ៉ាងដូចម្តេចចំពោះមន្ត្រីក្រោមឱវាទដែលទទួលបន្ទុកគ្រប់គ្រងភូមិសាស្ត្រទាំងនេះ ដើម្បីធានាថា ការប្រមូលចំណូលពន្ធជូនរដ្ឋមានប្រសិទ្ធភាព តម្លាភាព និងទប់ស្កាត់ការរត់ពន្ធឱ្យបានម៉ឺងម៉ាត់។
គួររំលឹកថា កាលពីខែឧសភា ឆ្នាំ២០២៦ កម្លាំងគយចល័តក៏បានបង្ក្រាបទីតាំងស្តុកទំនិញគេចពន្ធជាច្រើនកន្លែងនៅតំបន់ព្រំដែនភ្នំដិន ខេត្តតាកែវ និងរកឃើញទំនិញខុសច្បាប់ជាច្រើនប្រភេទ រួមទាំងប្រេងក្លែងក្លាយរាប់រយធុងផងដែរ។
ករណីបង្ក្រាបជាបន្តបន្ទាប់ទាំងនេះ កំពុងធ្វើឱ្យសាធារណជនដាក់ចម្ងល់ថា តើបណ្ដាញរត់ពន្ធនៅតាមព្រំដែននៅតែមានសកម្មភាពខ្លាំង ឬយ៉ាងណា និងតើអ្នកណាខ្លះត្រូវទទួលខុសត្រូវចំពោះការលេចធ្លាយទំនិញគេចពន្ធទាំងនេះ?៕


