ខេត្តតាកែវ៖ ករណីចោទប្រកាន់ពាក់ព័ន្ធនឹងការទារប្រាក់ពីអ្នកវិនិយោគផ្សារ កំពុងក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជននៅស្រុកអង្គរបូរី ខេត្តតាកែវ បន្ទាប់ពីអ្នកវិនិយោគផ្សារបានចេញមុខអះអាងថា ត្រូវបានមន្ត្រីថ្នាក់ដឹកនាំមូលដ្ឋានទាមទារប្រាក់ជាថ្នូរនឹងការមិនដកអាជ្ញាប័ណ្ណវិនិយោគរបស់ខ្លួន។
តាមការលើកឡើងរបស់លោកស្រី ប្រាក់ ចាន់ណា ដែលជាប្រធានវិនិយោគនៅផ្សារអង្គរបូរីបានឱ្យដឹងថា លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកអង្គរបូរី ធ្លាប់បានទាក់ទង និងទាមទារប្រាក់ពីលោកស្រី។ ដំបូងឡើយ លោកបានទារប្រាក់ចំនួន ១០០ដុល្លារអាមេរិក ប៉ុន្តែដោយសារខ្វះខាតថវិកា លោកស្រីមិនមានលទ្ធភាពផ្តល់ប្រាក់តាមចំនួនដែលបានទាមទារនោះទេ គឺបានតែ១៥ ម៉ឺនរៀល។
លោកស្រីបានអះអាងថា ក្រោយមក លោក ហង្ស វិច្ឆិការាស្សី បានទូរស័ព្ទទៅលោកស្រី និងបានណាត់ជួបនៅ ផ្ទះជួលដែលលោកអភិបាលរងស្នាក់នៅ។ នៅក្នុងជំនួបនោះ លោកស្រីអះអាងថា អភិបាលរងស្រុករូបនេះបានទាមទារឱ្យបង់ប្រាក់ចំនួន ១លានរៀល ដោយលើកហេតុផលថា ប្រសិនបើមិនបង់ប្រាក់ទេ អាជ្ញាប័ណ្ណវិនិយោគផ្សារអង្គរបូរីរបស់លោកស្រីអាចនឹងត្រូវដក ហូត។
នៅពេលនោះ លោកស្រីបានពន្យល់ថា ខ្លួនពុំមានប្រាក់គ្រប់ចំនួនដូចការទាមទារឡើយ។ លោកស្រីក៏បានអះអាងបន្ថែមថា អភិបាលរងស្រុករូបនោះថែមទាំងបានព្យាយាមឆែកមើលក្នុងហោប៉ៅរបស់លោកស្រី ដើម្បីពិនិត្យមើលថាតើមានប្រាក់ឬអត់ ប៉ុន្តែដោយសារមិនមានប្រាក់គ្រប់ចំនួន ទើបមិនអាចប្រគល់ជូនបាន។
ជុំវិញការចោទប្រកាន់នេះ លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកអង្គរបូរី បានទទួលស្គាល់ថា ពិតជាមានការទទួលប្រាក់ចំនួន ១៥ម៉ឺនរៀលពីលោកស្រី ប្រាក់ ចាន់ណា មែន។ លោកបានបញ្ជាក់ថា ប្រាក់នោះត្រូវបានផ្ទេរតាមប្រព័ន្ធ QR Code ចូលទៅក្នុងគណនីធនាគាររបស់ភរិយាលោកពិតប្រាកដមែន។
ទន្ទឹមនឹងការទទួលស្គាល់អំពីការទទួលប្រាក់នេះ លោក ហង្ស វិច្ឆិការាស្សី ក៏បានលើកឡើងថា ការទទួលប្រាក់ចំនួន ១៥ម៉ឺនរៀលពីលោកស្រី ប្រាក់ ចាន់ណា គឺជាទង្វើដែលលោកមិនគួរធ្វើឡើយ ហើយលោកក៏ទទួលស្គាល់ថា មិនគួរទទួលយកប្រាក់នោះដែរ។
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ករណីនេះគួរត្រូវបានដោះស្រាយដោយតម្លាភាព យុត្តិធម៌ និងគ្មានការលម្អៀង ដើម្បីរក្សាជំនឿទុកចិត្តរបស់សាធារណជនលើការដឹកនាំ និងការអនុវត្តច្បាប់របស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងធានាថា មន្ត្រីរាជការគ្រប់រូបប្រកាន់ខ្ជាប់នូវសុចរិតភាព ក្រមសីលធម៌ និងគណនេយ្យភាពក្នុងការបំពេញតួនាទីរបស់ខ្លួន។
គួរបញ្ជាក់ថា លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកអង្គរបូរី បានបែកធ្លាយករណីបង្ខំឲ្យអ្នកវិនិយោគភាស៊ីផ្សារអង្គរបូរីបង់ ប្រាក់ចំនួន ១លានរៀលក្នុងមួយខែ ជាថ្នូរនឹងការមិនដកអាជ្ញាប័ណ្ណ កំពុងបង្កឲ្យមានការចាប់ អារម្មណ៍ និងវែក ញែកយ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីសារព័ត៌មានមួយចំនួនបានចុះផ្សាយ ខណៈរដ្ឋបាលស្រុកអង្គរបូរីបានចេញសេចក្ដីបំភ្លឺជាបន្ទាន់ ដោយចាត់ទុកការចោទប្រកាន់នេះថា ជាព័ត៌មានមិនពិត និងគ្មានភស្តុតាងច្បាស់លាស់៕


