ខេត្តតាកែវ៖ ការចុះដាក់គោលដៅត្រួតពិនិត្យយានយន្តកែឆ្នៃខុសលក្ខណៈបច្ចេកទេស របស់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ខេត្តតាកែវ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ បានទាក់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ និងមហាជនយ៉ាងខ្លាំង ជាពិសេសពាក់ព័ន្ធនឹងសំណួរមួយថា ហេតុអ្វីបានជាការអនុវត្តវិធានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត មិនមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលជាស្ថាប័នទទួលបន្ទុកផ្ទាល់លើការពិនិត្យសុវត្ថិភាព និងលក្ខណៈបច្ចេកទេសយានយន្ត។
ជុំវិញការលើកឡើងនេះ លោក មឿង សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា មុនពេលចុះអនុវត្តការងារ កម្លាំងជំនាញនគរបាលចរាចរណ៍បានស្នើសុំកិច្ចសហការពីមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរួចហើយ ប៉ុន្តែដោយសារមន្ត្រីជំនាញមានភារកិច្ចការងារផ្សេងៗ មិនអាចចូលរួមបាននៅពេលនោះ។
លោកបានបញ្ជាក់បន្ថែមថា ការចុះត្រួតពិនិត្យលើកនេះ គោលបំណងសំខាន់គឺផ្តោតលើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់យានយន្ត និងអ្នកបើកបរ ឱ្យយល់ដឹងពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ និងការរក្សាលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់។
ទន្ទឹមនឹងនេះ លោក មឿង សារុន ក៏បានបញ្ជាក់ថា ក្នុងករណីកម្លាំងសមត្ថកិច្ចត្រួតពិនិត្យរកឃើញអ្នកបើកបរមានជាតិអាល់កុលលើសកម្រិតកំណត់ ឬមិនមានឯកសារត្រឹមត្រូវតាមច្បាប់ ដូចជាបណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត ឬឯកសារពាក់ព័ន្ធផ្សេងៗ នោះសមត្ថកិច្ចនឹងអនុវត្តវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងឡើយ។
សូមជម្រាបថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ប៉ុន សំអុលឧត្តម ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ និងលោក មឿង សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅត្រួតពិនិត្យនៅលើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ប្រជាពលរដ្ឋបានសម្តែងការគាំទ្រចំពោះវិធានការនេះ ដោយចាត់ទុកថា ជាការចូលរួមពង្រឹងសណ្តាប់ធ្នាប់ចរាចរណ៍ និងកាត់បន្ថយហានិភ័យគ្រោះថ្នាក់នៅលើដងផ្លូវ។ ទោះជាយ៉ាងណា ពួកគេក៏បានស្នើឱ្យមានការចូលរួមពីមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីធានាថាការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ ម្យ៉ាងទៀតការសហការគ្នារវាងនគរបាលចរាចរណ៍ និងមន្ទីរសាធារណការ គឺជាកត្តាសំខាន់ក្នុងការពង្រឹងការអនុវត្តច្បាប់ និងធានាថា យានយន្តដែលធ្វើចរាចរណ៍លើដងផ្លូវសាធារណៈ មានសុវត្ថិភាព និងស្របតាមស្តង់ដារបច្ចេកទេសដែលច្បាប់បានកំណត់៕


