អាជ្ញាធរក្រុងដូនកែវ ចាត់វិធានការក្ដៅរំដោះចិញ្ចើមផ្លូវជុំវិញផ្សារធំតាកែវ ដើម្បីបញ្ចប់ការកកស្ទះ និងលើកសោភ័ណភាពទីក្រុង

អាជ្ញាធរក្រុងដូនកែវ ចាត់វិធានការក្ដៅរំដោះចិញ្ចើមផ្លូវជុំវិញផ្សារធំតាកែវ ដើម្បីបញ្ចប់ការកកស្ទះ និងលើកសោភ័ណភាពទីក្រុង

ខេត្តតាកែវ៖ រដ្ឋបាលក្រុងដូនកែវ បានបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ដោយចុះអនុវត្តការរំដោះចិញ្ចើមផ្លូវ និងដងផ្លូវជុំវិញបរិវេណផ្សារធំតាកែវ ក្រោយពីអាជីវករមួយចំនួននៅតែបន្តរំលោភយកទីសាធារណៈសម្រាប់ប្រកបអាជីវកម្ម ទោះបីជាអាជ្ញាធរបានធ្វើការណែនាំ និងផ្សព្វផ្សាយជាច្រើនលើកច្រើនសាររួចមកហើយក៏ដោយ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក សុខ គង្គារ័ត្ន អភិបាលរងនៃគណៈអភិបាលក្រុងដូនកែវ រួមជាមួយកម្លាំងចម្រុះ និងមន្ត្រីជំនាញពាក់ព័ន្ធ ដោយផ្តោតលើការរំដោះផ្លូវសាធារណៈនៅតាមចំណុចសំខាន់ៗជុំវិញផ្សារធំតាកែវ ដែលតែងតែមានការលក់ដូរ ការដាក់តាំងទំនិញ និងការចតយានយន្តគ្មានសណ្តាប់ធ្នាប់ បង្កឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សោភ័ណភាពទីក្រុង។

លោក សុខ គង្គារ័ត្ន បានបញ្ជាក់ថា ការចុះអនុវត្តវិធានការនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងធានាឱ្យមានរបៀបរៀបរយ សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងតំបន់ផ្សារដែលមានមនុស្ស និងយានយន្តធ្វើចរាចរណ៍យ៉ាងមមាញឹកជារៀងរាល់ថ្ងៃ។

អាជ្ញាធរក្រុងបានអំពាវនាវដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពតាមការណែនាំរបស់អាជ្ញាធរ ដោយមិនត្រូវយកចិញ្ចើមផ្លូវ ឬដងផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរ ដាក់តាំងទំនិញ ឬចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់នោះឡើយ ព្រោះសកម្មភាពទាំងនេះមិនត្រឹមតែបង្កការកកស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សិទ្ធិប្រើប្រាស់ទីសាធារណៈរបស់ប្រជាពលរដ្ឋទូទៅផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលក្រុងដូនកែវបានបញ្ជាក់ថា នឹងបន្តអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះបុគ្គល ឬអាជីវករណាដែលនៅតែបំពាន និងមិនសហការជាមួយអាជ្ញាធរ ដើម្បីធានាឱ្យការរៀបចំសណ្ដាប់ធ្នាប់ទីក្រុងទទួលបានប្រសិទ្ធភាព និងនិរន្តរភាព។

ការចុះរៀបចំសណ្ដាប់ធ្នាប់នៅជុំវិញផ្សារធំតាកែវនេះ ត្រូវបានប្រជាពលរដ្ឋជាច្រើនសម្ដែងការគាំទ្រ ដោយចាត់ទុកថា ជាវិធានការចាំបាច់ក្នុងការកែលម្អបរិស្ថានទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពក្រុងដូនកែវឱ្យកាន់តែស្អាត និងមានរបៀបរៀបរយ ៕

img 20260609 124420 348 img 20260609 124420 809 img 20260609 124420 915 img 20260609 124421 049 img 20260609 124420 938 img 20260609 124420 986 img 20260609 124420 197

Scroll to Top