ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កំពុងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយសំរាមជាច្រើនត្រូវបានគេយកមកបោះចោលពាសវាលពាសកាលតាមបណ្ដោយផ្លូវបេតុង បង្កឱ្យប៉ះពាល់ដល់សោភ័ណភាព បរិស្ថាន និងសុខភាពសាធារណៈ ខណៈទីតាំងនេះក្លាយជាកន្លែងប្រមូលផ្តុំសំរាមយ៉ាងអនាធិបតេយ្យ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ គំនរ សំរាមនៅតែត្រូវបានគេប្រទះឃើញគររាយប៉ាយតាមដងផ្លូវ ដោយបញ្ចេញក្លិនមិនល្អ និងបង្កឱ្យបរិយាកាសក្នុងតំបន់ខ្វះអនាម័យ។ ប្រជាពលរដ្ឋបានអះអាងថា បញ្ហានេះកើតមានជាយូរមកហើយ និងកើតឡើងជា បន្តបន្ទាប់ ប៉ុន្តែមិនទាន់ឃើញមានវិធានការដោះស្រាយប្រកបដោយប្រសិទ្ធភាពនៅឡើយ។
ពលរដ្ឋបានអំពាវនាវដល់លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ ព្រមទាំងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ មេត្តាចុះពិនិត្យជាក់ស្ដែង និងដាក់ចេញវិធានការបន្ទាន់ ដើម្បីសម្អាតបរិស្ថាន រៀបចំប្រព័ន្ធគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ និងទប់ស្កាត់ការយកសំរាមមកបោះចោលដោយគ្មានសណ្ដាប់ធ្នាប់។
ប្រជាពលរដ្ឋលើកឡើងថា ការអភិវឌ្ឍមូលដ្ឋានមិនមែនផ្ដោតតែទៅលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែការថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាពសាធារណៈ ក៏ជាកត្តាសំខាន់ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការគ្រប់គ្រង និងការបម្រើប្រជាពលរដ្ឋផងដែរ។
ជុំវិញបញ្ហាខាងលើនេះ គេហទំព័រយើងខ្ញុំ មិនទាន់អាចសុំការបំភ្លឺពីលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បាននៅឡើយទេ ដោយទូរសព្ទហៅចូលពុំមានអ្នកទទួល។
ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធាន ការឱ្យបានឆាប់រហ័ស ដើម្បីស្ដារអនាម័យ បរិស្ថាន និងសោភ័ណភាពក្នុងមូលដ្ឋានឡើងវិញ មុនពេលបញ្ហានេះបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ៕


