ខេត្តកណ្តាល៖ ក្រោយទទួលបានព័ត៌មានពីសំណាក់បងប្អូនប្រជាពលរដ្ឋមានក្ដីបារម្ភ និងពិបាកធ្វើដំណើរថែមទាំងឧស្សាហ៍មានគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវជាតិលេខ១៤ចំនុចស្ពានបាឡេលេខ៨ លោកចាប ច័ន្ទវិទ្យាអភិបាលស្រុកលើកដែកបានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តអភិបាលខេត្តកណ្ដាល ខាងជំនាញបានសិក្សារួចរាល់ហើយរងចាំតែថ្ងៃផ្លាស់ប្តូរតែប៉ុណ្ណោះ។
យោងតាមការលើកឡើងពលរដ្ឋដែលរស់នៅចំនុចស្ពានលេខ៨ ឃុំលើកដែកបានឱ្យដឹងថា ស្ពានលេខ៨នេះជាស្ពានដែលគេដាក់ឈ្មោះថាស្ពានជើងកប ព្រោះឧស្សាហ៍មានគ្រោះចរាចរណ៍កើតឡើងជាញឹកញាប់ ខ្លះរបួសខ្លះស្លាប់ ដោយសារស្ថានភាពស្ពានតូចចង្អៀត ទ្រុឌទ្រោមខ្លាំង,បើនៅពេលភ្លៀងរអិលដូចខ្លាញ់,ពេលយប់វិញងងឹត រថយន្ដឆ្លងកាត់ម្ដងៗលាន់ដូចគ្រាប់បែក បើនៅពេលយប់វិញពេលមានរយន្តឆ្លងកាត់ម្ដងៗលាន់ខ្លាំងណាស់ដេកពួនមិនបាននោះទេ។
ពលរដ្ឋលើកឡើងបន្ថែមទៀតថា ផ្លូវជាតិលេខ១៤ ភ្ជាប់ពីផ្លូវជាតិលេខ១កាត់តាមស្រុកលើកដែក ទៅដល់ព្រំ ប្រទល់ប្រទេសវៀតណាមតាមច្រកខ្អមសំណរ តែត្រូវឆ្លងកាត់ស្ពានបាឡេលេខ៨ ខាងត្បូងសាលាស្រុកលើក ដែកប្រហែល១០០មែត្រ។ បើអ្នករស់នៅស្រុកលើកដែកផ្ទាល់ ការធ្វើចរាចរណ៍មិនសូវជាមានបញ្ហាគ្រោះថ្នាក់នោះទេ តែបើអ្នកធ្វើដំណើរមកពីខេត្តផ្សេងៗឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរណ៍ណាស់។ ដូច្នេះពួកគាត់ស្នើរសុំឲ្យអាជ្ញាធរជាពិសេសឯកឧត្តមគួច ចំរើនអភិបាលខេត្តកណ្ដាល មេត្តាជួយពន្លឿនការសាសង់ស្ពានលេខ៨នេះអោយបានឆាប់ៗ។
ជុំវិញករណីស្ពានលេខ៨ខាងលើលោកចាប ច័ន្ទវិទ្យាអភិបាលស្រុកលើកដែក បានអោយអ្នកកាសែតដឹងថា ខាងរដ្ឋបាលស្រុក និងមន្ទីរជំនាញបានសិក្សាគំរោងសង់ស្ពានថ្មី ជំនួសឱ្យស្ពានចាស់រួចហើយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្តផងដែរដោយឯកឧត្តមអភិបាលខេត្តបានចុះមកត្រួតពិនិត្យផ្ទាល់តែការសាងសង់លោកមិនទាន់ដឹងថាអនុវត្តថ្ងៃណានោះទេ។
លោកបូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការខេត្តកណ្ដាល បានថ្លែងមកកាន់អ្នកសារព័ត៌មាននៅព្រឹកនេះថា “កំណាត់ផ្លូវដែលខូចខាតលើសកម្រិតថែទាំប្រចាំយើងបានដាក់ចូលផែនការ 3 ឆ្នាំ 5 ឆ្នាំរំកិលរួចរាល់ រួមទាំងការជួសជុល សាងសង់ ស្ពានផងដែរ ។ អន្តរក្រសួងចុះពិនិត្យនឹងវាយតម្លៃ រៀងរាល់ឆ្នាំលើគម្រោងផែនការដែលគួរផ្តល់ជូន ទៅតាមលទ្ធភាពថវិកាដែលមាន”៕


