រដ្ឋបាលស្រុកទ្រាំង បន្តយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ អំពាវនាវសប្បុរសជនរួមគ្នាគាំទ្រមូលនិធិគន្ធបុប្ផា ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជា

រដ្ឋបាលស្រុកទ្រាំង បន្តយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ អំពាវនាវសប្បុរសជនរួមគ្នាគាំទ្រមូលនិធិគន្ធបុប្ផា ដើម្បីសង្គ្រោះជីវិតកុមារកម្ពុជា

ខេត្តតាកែវ៖ លោក អ៊ំ ចំរើន  អភិបាលនៃគណៈអភិបាលស្រុកទ្រាំង បានបន្តជំរុញយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ដោយបានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ អាជីវករ សប្បុរសជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមបរិច្ចាគថវិកាទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកទ្រទ្រង់ការផ្តល់សេវាព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជាដោយឥតគិតថ្លៃ។

លោកអភិបាលស្រុកបញ្ជាក់ថា យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតីចែករំលែក និងការទទួលខុសត្រូវរួមរបស់សង្គម ក្នុងការជួយដល់កុមារកម្ពុជា ដែលជាធនធានមនុស្សដ៏មានតម្លៃ និងជាសសរស្តម្ភសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ ទោះបីជាការបរិច្ចាគត្រឹមតែ ១ម៉ឺនរៀលពីមនុស្សម្នាក់ក៏ដោយ ប៉ុន្តែប្រសិនបើមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់ នោះនឹងក្លាយជាកម្លាំងដ៏ធំមួយក្នុងការជួយទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ លោកបន្ថែមថា

មន្ទីរពេទ្យគន្ធបុប្ផា គឺជាស្ថាប័នសុខាភិបាលដ៏សំខាន់មួយ ដែលបានផ្តល់ការព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជារាប់លាននាក់ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដោយមិនប្រកាន់ស្ថានភាពជីវភាពរបស់គ្រួសារ។ ក្រោមបេសកកម្មមនុស្សធម៌ដ៏ថ្លៃថ្លានេះ មន្ទីរពេទ្យបានក្លាយជាក្តីសង្ឃឹម និងជាទីពឹងដ៏សំខាន់សម្រាប់ឪពុកម្តាយដែលមានកូនឈឺនៅទូទាំងប្រទេស។

លោក អ៊ំ ចំរើន បានគូសបញ្ជាក់ថា ការចូលរួមបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា មិនត្រឹមតែជាការជួយសង្គ្រោះជីវិតកុមារម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការជួយស្តារក្តីសង្ឃឹម និងស្នាមញញឹមជូនដល់ឪពុកម្តាយ និងក្រុមគ្រួសាររបស់ពួកគេផងដែរ។ លើសពីនេះ វាក៏ជាការវិនិយោគដ៏មានតម្លៃលើវិស័យសុខាភិបាល និងការកសាងធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។

តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ រដ្ឋបាលស្រុកទ្រាំង សង្ឃឹមថានឹងទទួលបានការចូលរួមគាំទ្រយ៉ាងផុលផុសពីគ្រប់មជ្ឈដ្ឋាន ដើម្បីបន្តធានានិរន្តរភាពនៃសេវាព្យាបាលកុមារដោយឥតគិតថ្លៃ និងរក្សាឱ្យបាននូវបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់មន្ទីរពេទ្យគន្ធបុប្ផា។

ជាមួយគ្នានេះ លោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគតាមលទ្ធភាពរៀងៗខ្លួន ព្រោះថវិកាមួយចំណែកតូចពីមនុស្សម្នាក់ អាចរួមបញ្ចូលគ្នាក្លាយជាកម្លាំងដ៏ធំមួយសម្រាប់ជួយសង្គ្រោះជីវិតកុមារកម្ពុជា និងបន្តរក្សាឱ្យបាននូវ «ដង្ហើមនៃក្តីសង្ឃឹម» សម្រាប់អនាគតកូនចៅជំនាន់ក្រោយ៕

img 20260608 101620 068 img 20260608 101616 713 img 20260608 101616 506 img 20260608 101616 561 img 20260608 101616 685

 

Scroll to Top