ផ្ទុះការចម្រូងចម្រាសនៅស្រុកអង្គរបូរី! ករណីចោទប្រកាន់អភិបាលរងស្រុកទារប្រាក់ ១លានរៀលក្នុងមួយខែ ត្រូវរដ្ឋបាលស្រុកចេញមុខបដិសេធ ខណៈមហាជនទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យ

ផ្ទុះការចម្រូងចម្រាសនៅស្រុកអង្គរបូរី! ករណីចោទប្រកាន់អភិបាលរងស្រុកទារប្រាក់ ១លានរៀលក្នុងមួយខែ ត្រូវរដ្ឋបាលស្រុកចេញមុខបដិសេធ ខណៈមហាជនទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យ

ខេត្តតាកែវ៖ ករណីចោទប្រកាន់ថា លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុកអង្គរបូរី បានបង្ខំឲ្យអ្នកវិនិយោគភាស៊ីផ្សារអង្គរបូរីបង់ប្រាក់ចំនួន ១លានរៀលក្នុងមួយខែ ជាថ្នូរនឹងការមិនដកអាជ្ញាប័ណ្ណ កំពុងបង្កឲ្យមានការចាប់អារម្មណ៍ និងវែកញែកយ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីសារព័ត៌មានមួយចំនួនបានចុះផ្សាយ ខណៈរដ្ឋបាលស្រុកអង្គរបូរីបានចេញសេចក្ដីបំភ្លឺជាបន្ទាន់ ដោយចាត់ទុកការចោទប្រកាន់នេះថា ជាព័ត៌មានមិនពិត និងគ្មានភស្តុតាងច្បាស់លាស់។

តាមការចុះផ្សាយរបស់សារព័ត៌មាន លោកស្រី ប្រាក់ ចាន់ណា ប្រធានវិនិយោគភាស៊ីផ្សារអង្គរបូរី បានអះអាងថា លោកអភិបាលរងស្រុកបានហៅលោកស្រីទៅជួប និងតម្រូវឲ្យបង់ប្រាក់ចំនួន ១លានរៀលក្នុងមួយខែ។ ទោះជាយ៉ាងណា លោកស្រីបានបដិសេធ ដោយសារមិនមានលិខិត ឬមូលដ្ឋានច្បាប់ណាមួយបញ្ជាក់ពីការបង់ប្រាក់នោះ។

ជាការឆ្លើយតប រដ្ឋបាលស្រុកអង្គរបូរីបានបញ្ជាក់ថា ការចោទប្រកាន់ខាងលើគឺជាការបំភាន់សាធារណមតិ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុក។ រដ្ឋបាលស្រុកអះអាងថា លោក ហង្ស វិច្ឆិការាស្សី មិនបានទារប្រាក់ដូចការចោទប្រកាន់ឡើយ ហើយការស្នើឲ្យតំណាងភាស៊ីផ្សារចាកចេញពីកិច្ចប្រជុំសម្របសម្រួលនាពេលកន្លងមក គឺដោយសារមិនមែនជាភាគីពាក់ព័ន្ធផ្ទាល់នឹងវិវាទដែលកំពុងដោះស្រាយ។

ទន្ទឹមនឹងនេះ រដ្ឋបាលស្រុកក៏បានលើកឡើងអំពីបញ្ហាការប្រមូលភាស៊ីពីអាជីវករលក់ដូរនៅលើដីចំណីផ្លូវសាធារណៈ និងការប្រើប្រាស់ដីសាធារណៈជាចំណតកង់-ម៉ូតូ ដែលត្រូវបានអះអាងថា មិនស្របតាមខ្លឹមសារកិច្ចសន្យាវិនិយោគផ្សារផងដែរ។

ទោះបីជាយ៉ាងណា ការចេញមុខបដិសេធពីភាគីរដ្ឋបាលស្រុក មិនទាន់អាចបិទបញ្ចប់ចម្ងល់របស់មហាជនបាននៅឡើយទេ។ ផ្ទុយទៅវិញ បានធ្វើឲ្យករណីនេះកាន់តែទទួលបានការចាប់អារម្មណ៍ ព្រោះភាគីទាំងពីរសុទ្ធតែអះអាងថាខ្លួនមានហេតុផល និងភាពត្រឹមត្រូវរៀងៗខ្លួន។

មជ្ឈដ្ឋានមហាជនយល់ថា ដើម្បីបញ្ចប់ការសង្ស័យ និងរក្សាតម្លាភាពក្នុងការអនុវត្តការងាររដ្ឋបាលសាធារណៈ អាជ្ញាធរពាក់ព័ន្ធគួរតែបើកការស៊ើបអង្កេតដោយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ។ ប្រសិនបើការចោទប្រកាន់មានមូលដ្ឋានពិតប្រាកដ ត្រូវចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែង។ ផ្ទុយទៅវិញ ប្រសិនបើជាការចោទប្រកាន់មិនពិត ក៏គួរតែបង្ហាញភស្តុតាងជាសាធារណៈ ដើម្បីស្តារកិត្តិយសជូនមន្ត្រីដែលរងការចោទប្រកាន់វិញផងដែរ។

ដោយសារករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និងការចោទសួរពីសំណាក់សាធារណជន មហាជនមួយចំនួនបានស្នើសុំឲ្យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យលទ្ធភាពចាត់ឲ្យលោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានដឹកនាំក្រុមការងារចុះអធិការកិច្ច និងស្រាវជ្រាវឲ្យបានស៊ីជម្រៅ ដើម្បីស្វែងរកការពិត និងផ្តល់ចម្លើយច្បាស់លាស់ជូនសាធារណជន ស្របតាមគោលការណ៍តម្លាភាព គណនេយ្យភាព និងនីតិរដ្ឋ។

មហាជនរង់ចាំមើលថា តើករណីដ៏ចម្រូងចម្រាសនេះ នឹងត្រូវបញ្ចប់ដោយការបកស្រាយបែបណា ហើយតើនឹងមានការស្រាវជ្រាវឯករាជ្យណាមួយ ដើម្បីបញ្ជាក់ការពិតឲ្យអស់មន្ទិលសង្ស័យដែរឬទេ?៕img 20260604 184335 063 img 20260604 223426 147 img 20260604 223426 107 img 20260604 223425 780 img 20260603 110304 303 img 20260603 110255 263 img 20260603 110255 629 img 20260603 110245 336 img 20260603 110245 865 img 20260603 110245 159

Scroll to Top