ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពផ្លូវ/ស្ពាន និងការដ្ឋានសាងសង់ ច្រាំងទន្លេមេគង្គ ក្នុងភូមិបឹងកាចូត ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។
បើតាមលោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានឲ្យដឹងថា ការងារកសាងលើកកម្រិតគុណភាពផ្លូវ១ខ្សែខាងលើនេះ មាន២កំណាត់ មានប្រវែង ២.៩៧៣ម៉ែត្រ ដែលជាគម្រោងផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងអាមេ រួមនឹងការកសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង ១៨ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាគម្រោងជំពូក២១ (២០២៦) ដែលអនុវត្តន៍ដោយនាយកដ្ឋានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។
នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់មន្ទីរជំនាញ និងមន្ត្រីបច្ចេកទេស ធ្វើការសហការឲ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចំពោះការអនុវត្តគម្រោងខាងលើនេះឲ្យទទួលបានជោគជ័យ និងគុណភាពផ្លូវ/ស្ពាន ប្រកបដោយស្តង់ដារ។
បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត បានបន្ត ដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យស្ថានភាពច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ក្រសួងធនធានទឹក និងឧតុនិយម ចំពោះការស្តារ និងជួសជុលឡើងវិញ នូវច្រាំងទន្លេមេគង្គដែលបានបាក់/ស្រុត នាពេលកន្លងមក។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្រ្តខាងលើ បាន បាក់/ស្រុត នៅអំឡុងឆ្នាំ២០២២ មានប្រវែង ប្រមាណ ៤០០ម៉ែត្រ។ ខណៈនោះ ដោយយោងសំណើរសុំកិច្ចអន្តរាគមន៍បន្ទាន់ពី រដ្ឋបាលខេត្តកំពង់ចាម ទៅក្រសួងធនធានទឹក និងឧតុនិយម ទើបនៅដើមឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើការស្តារ និងជួសជុលច្រាំងទន្លេមេគង្គនេះឡើងវិញ ដោយប្រើប្រាស់បាវខ្សាច់(GeoTextile) ដែលគិតមកដល់ពេលនេះសម្រេចលទ្ធផល១០០ ភាគរយ៕


