ពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យដេប៉ូខ្សាច់ “លោកបារាំង” ក្រោយរងការរិះគន់បញ្ហាបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ

ពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យដេប៉ូខ្សាច់ “លោកបារាំង” ក្រោយរងការរិះគន់បញ្ហាបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅតំបន់ព្រែកខ្សេវ និងអ្នកធ្វើដំណើរតាមបណ្ដោយផ្លូវ២១បេ បានបង្ហាញការព្រួយបារម្ភ និងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យ និងចាត់វិធានការលើដេប៉ូខ្សាច់មួយកន្លែង ដែលបានកំពុងបង្ហូរទឹកលាយដី និងខ្សាច់ចូលព្រែក បង្កឲ្យផ្ទៃព្រែកកាន់តែរាក់ និងគោកឡើងជាបន្តបន្ទាប់។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ដេប៉ូខ្សាច់ខាងលើ មានទីតាំងនៅជាប់គល់ស្ពានទី៧ ព្រែកខ្សេវ ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលគេស្គាល់ថាជារបស់ថៅកែឈ្មោះ “បារាំង”។ ប្រភពបន្តថា សកម្មភាពបូម និងដឹកជញ្ជូនខ្សាច់ជារៀងរាល់ថ្ងៃ បានធ្វើឲ្យខ្សាច់ និងទឹកលាយដីហូរចូលព្រែក បង្កផលប៉ះពាល់ដល់បរិស្ថានទឹក និងអាចធ្វើឲ្យព្រែកបាត់បង់ជម្រៅធម្មជាតិទៅថ្ងៃមុខ។

មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋក៏បានលើកឡើងថា ផ្លូវចូលដេប៉ូពោរពេញដោយខ្សាច់ ខណៈខ្សាច់ខ្លះហៀរមកដល់ចិញ្ចើមផ្លូវ២១បេ ងាយធ្វើឲ្យផ្លូវរអិល និងងាយបង្កគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅពេលមានភ្លៀងធ្លាក់។ ពេលខ្លះ រថយន្តដឹកខ្សាច់សើម ក៏មានទឹកហូរធ្លាក់តាមផ្លូវសាធារណៈ បង្កការរំខានដល់អ្នកធ្វើដំណើរ និងប៉ះពាល់ដល់សោភណភាពទីក្រុងផងដែរ។

ប្រភពបញ្ជាក់ទៀតថា រថយន្តដឹកខ្សាច់ពីដេប៉ូខាងលើ តែងដឹកចេញពីក្រុងតាខ្មៅ ឆ្ពោះទៅចាក់ដីនៅតំបន់ស្អាង តាមផ្លូវទៅស្អាងភ្នំ ក្បែរព្រលានយន្តហោះថ្មី ដែលមានចរាចរណ៍រថយន្តធុនធំឆ្លងកាត់យ៉ាងមមាញឹកជារៀងរាល់ថ្ងៃ។

ពាក់ព័ន្ធករណីនេះ លោកចៅសង្កាត់រការខ្ពស់ បានប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើមានខ្សាច់ហូរចូលព្រែក ត្រូវតែកាយស្ដារចេញវិញ និងត្រូវសម្អាតតាមផ្លូវសាធារណៈឲ្យបានស្អាត ដើម្បីជៀសវាងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ លោកបន្តថា លោកមិនដែលទទួលផលប្រយោជន៍អ្វីពីដេប៉ូខ្សាច់នោះឡើយ ហើយពាក់ព័ន្ធបញ្ហាសណ្ដាប់ធ្នាប់ ឬបរិស្ថាន ពេលខ្លះលោកចុះទៅពិនិត្យ ក៏ខាងដេប៉ូមិនសូវចង់សហការនិយាយរកផងដែរ។

ដោយឡែក ជុំវិញការលើកឡើងខាងលើ លោក ឃឹម សំភារ ចៅហ្វាយក្រុងតាខ្មៅ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទហៅចូលមិនមានអ្នកលើក។

ជុំវិញបញ្ហានេះ មហាជន និងប្រជាពលរដ្ឋ ស្នើឲ្យមន្ទីរបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូន រដ្ឋបាលក្រុងតាខ្មៅ និងអាជ្ញាធរខេត្តកណ្ដាល ចុះត្រួតពិនិត្យជាក់ស្ដែង និងចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដើម្បីការពារព្រែកសាធារណៈ បរិស្ថាន សណ្ដាប់ធ្នាប់ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជៀសវាងទុកឲ្យបញ្ហាបន្តរ៉ាំរ៉ៃរហូតបង្កផលប៉ះពាល់ធ្ងន់ធ្ងរនៅថ្ងៃអនាគត៕

videocapture 20260528 185957 videocapture 20260528 190008 videocapture 20260528 185532 videocapture 20260528 185530 videocapture 20260528 185528 videocapture 20260528 185525 videocapture 20260528 185535 videocapture 20260528 185547 videocapture 20260528 185540

Scroll to Top