ខេត្តតាកែវ៖ សំណង់ឥដ្ឋរឹងមាំជាច្រើនល្វែងដែលកំពុងដំណើរការសាងសង់ នៅតាមបណ្ដោយផ្លូវចូលទៅតំបន់ទេសចរណ៍សួនសត្វភ្នំតាម៉ៅ ស្ថិតក្នុងភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានមេឃុំកណ្ដឹងឲ្យ ដឹងថា សំណង់នោះ មិនទាន់មានច្បាប់នៅឡើយទេ។ អភិបាលស្រុកបាទី ដែលទើបតែងតាំងប្រកាសថា ស្អែកនឹងឲ្យអភិបាលរងស្រុកទទួលបន្ទុកចុះត្រួតពិនិត្យ។
ករណីសំណង់មិនទាន់មានច្បាប់ដែលកំពុងដំណើរការសាងសង់នេះ ធ្វើឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើចាត់ទុកថា ជាគំរូមិនល្អ ដែលធ្វើឲ្យអ្នកដទៃទៀត អាចនឹងមិនគោរពតាមច្បាប់ ឬដំណើរការសាងសង់ ដោយមិនបាច់សុំច្បាប់ទម្លាប់ជាបន្តទៀត។ ជាក់ស្ដែងការលើកឡើងរបស់លោកស្រី សំបូរ មេឃុំកណ្ដឹង នៃមូលដ្ឋានខាងលើបានបញ្ជាក់ច្បាស់ហើយថា សំណង់នេះមិនមានច្បាប់នៅឡើយទេ។ យ៉ាងណាក៏ ដោយអភិបាលថ្មីនៃស្រុកបាទីលោក សាយ វណ្ណះ បានប្ដេជ្ញាចិត្តក្នុងការណែនាំឲ្យប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានត្រូវគោរពតាមច្បាប់។
លោក សាយ វណ្ណៈ មានប្រសាសន៍នៅរសៀលថ្ងៃទី១១ ខែ ឧសភា នេះថា នៅថ្ងៃទី១២ ខែ ឧសភា ស្អែកនេះ លោកនឹងចាត់បញ្ជូនអភិបាលរងស្រុកនិងមន្ត្រីជំនាញចុះទៅបើពិនិត្យឃើញថា សំណង់នេះមិនមានច្បាប់ទម្លាប់នោះអាជ្ញាធរនឹងចុះផ្អាកជាបណ្ដោះអាសន្ន ដោយរង់ចាំឲ្យមានច្បាប់ទម្លាប់ត្រឹមត្រូវសិន ទើបអនុញ្ញាតឲ្យសាងសង់បន្តទៀត។
តាមការសង្កេតជាទូទៅសំណង់ច្រើន ដែលកំពុងរីកដុះ ដាលនៅតាមមូលដ្ឋានស្រុកបាទី ខេត្តតាកែវ មិនសូវឃើញមានច្បាប់ទម្លាប់នោះទេ។ ប្រការនេះទាមទារឲ្យស្ថាប័នជំនាញ ក៏ដូចជាអាជ្ញាធរ ត្រូវខិតខំប្រឹងប្រែងអប់រំណែនាំប្រជាពលរដ្ឋ ឲ្យយកចិត្តទុកដាក់ក្នុងការគោរព ច្បាប់ដែលប្រទេសមានស្រាប់។ ការដែលមិនគោរពតាម ច្បាប់ គឺជាបញ្ហាមួយ និងបង្កឲ្យមានគ្រោះថ្នាក់ពាក់ព័ន្ធនឹងបញ្ហាសំណង់នៅថ្ងៃអនាគតនោះទៀតផង៕


