ចាក់ខ្សាច់ព័ទ្ធយកដីបឹងពពាលខែ នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ គ្រាដែលពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យឲ្យបានច្បាស់លាស់

ចាក់ខ្សាច់ព័ទ្ធយកដីបឹងពពាលខែ នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ គ្រាដែលពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យឲ្យបានច្បាស់លាស់

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានសម្តែងការព្រួយបារម្ភ ក្រោយមានសកម្មភាពសាងសង់របងថ្មរឹងមាំ និងចាក់ខ្សាច់ព័ទ្ធយកដីបឹងពពាលខែ ស្ថិតនៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងពេលពលរដ្ឋមួយចំនួនអះអាងថា មិនទាន់ឃើញមានការចុះពិនិត្យ ស្រាវជ្រាវ ឬចាត់វិធានការឲ្យបានច្បាស់លាស់ពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។ប្រជាពលរដ្ឋឲ្យដឹងនៅថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៦ ថា បឹងពពាលខែ គឺជាបឹងធម្មជាតិដែលមានតាំងពីយូរលង់មកហើយ ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្រាប់តែលេចឮព័ត៌មានថា ដីតំបន់បឹងត្រូវបានលក់ទៅឲ្យក្រុមហ៊ុនមួយ ទោះបីជាពលរដ្ឋមិនបានដឹងច្បាស់ថា ជាក្រុមហ៊ុនរបស់អ្នកណាក៏ដោយ។ ប្រភពដដែលបន្តថា អ្នកដែលទទួលបានថវិកាពីការលក់ដូរនោះ បានយកទៅចាយអស់រួចហើយ។

ប្រភពបន្តថា កន្លងមក អាជ្ញាធរធ្លាប់ធ្វើប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋត្រឹមតែប្រវែង៥០ម៉ែត្រពីផ្លូវប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យលើសពីនេះឡើយ។

ដោយឡែក ប្រភពពីមន្ត្រីជំនាញនៅមូលដ្ឋានបានឲ្យ ដឹងថា ផ្ទៃដីបឹងពពាលខែបច្ចុប្បន្ន អាចនៅសល់ទំហំប្រមាណ៦ទៅ៧ហិកតាប៉ុណ្ណោះ ខណៈមន្ត្រីខ្លះអះអាងថា អាចនៅសល់ត្រឹម៤ទៅ៥ហិកតា។ ប្រភពបញ្ជាក់ថា ដីទីតាំងនេះ មិនទាន់ត្រូវបានផ្ទេរកម្មសិទ្ធិទៅឲ្យភាគីណាមួយជាផ្លូវការនៅឡើយទេ ពោលគឺនៅតែជាសម្បត្តិរដ្ឋដដែល។ ប្រភពបន្ថែមថា ការចេញប័ណ្ណកម្មសិទ្ធិ អាចអនុវត្តបានត្រឹម៣០ម៉ែត្រពីអ័ក្សផ្លូវប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះ លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា ដីដែលកំពុងធ្វើរបង និងចាក់ខ្សាច់នោះមានកម្មសិទ្ធិត្រឹមត្រូវ។ ទោះជាយ៉ាងណា លោកបានអះអាងថា នឹងចាត់ឲ្យមន្ត្រីជំនាញចុះពិនិត្យទីតាំងជាក់ស្តែងបន្ថែមទៀត។

មិនទាន់អាចសុំការបំភ្លឺបន្ថែមពីលោកមេឃុំដីឥដ្ឋ បាននៅឡើយទេ ដោយសារការទាក់ទងតាមរយៈលេខ ទូរសព្ទមិនអាចភ្ជាប់បាន។

ជុំវិញបញ្ហានេះ មហាជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញដែនដី និងបរិស្ថាន ចុះពិនិត្យស្រាវជ្រាវឲ្យបានស៊ីជម្រៅ និងបង្ហាញលទ្ធផលឲ្យមានតម្លាភាព ដើម្បីបញ្ចៀសការរិះគន់ពីសាធារណមតិ និងធានាការអភិរក្សធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព។

អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរង់ចាំការបំភ្លឺបន្ថែមពីភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយឲ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមវិជ្ជាជីវៈសារព័ត៌មាន និងគោលការណ៍តម្លាភាពព័ត៌មាន៕

videocapture 20260511 141750 videocapture 20260511 141910 img 20260511 142002 278 img 20260511 142027 895 videocapture 20260511 141854 videocapture 20260511 141828 videocapture 20260511 141657 videocapture 20260511 141642 videocapture 20260511 141604 videocapture 20260511 141559

 

Scroll to Top