ខេត្តតាកែវ៖ លោកឧកញ៉ាម៉ុងរិទ្ធីបានសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញអំពីចម្ងល់ករណីដើមអាកាស្យាជាង៦ម៉ឺនដើម ដែលលោកបានដាំនៅតំបន់ទេសចរណ៍ភ្នំជីសូរ ស្រុកសំរោង ខេត្តតាកែវពេលនេះនៅសល់តែគល់។ ករណីកាប់កម្ទេចដើមអាកាស្យានេះគួរណាស់តែផ្ដល់ព័ត៌មានឲ្យអ្នកដាំបានដឹងផង។
សេចក្តីរាយការណ៍ឲ្យដឹងថា ដើមអាកាស្យាដែលរងការកាប់បំផ្លាញសល់តែគល់នេះ ទើបតែកើតឡើងប្រហែល ៤-៥ ខែមុននេះ ។ ដូច្នេះមានន័យថា ការកាប់បំផ្លាញដើមអាកាស្យានេះ ទើបតែធ្វើឡើងនៅក្នុងពេលដែលលោកកៅ វគ្គសែល ជាអភិបាលស្រុកសំរោង។ ដូច្នេះលោកកៅ វគ្គសែល ត្រូវតែមានការបកស្រាយណាមួយជូនទៅលោកឧកញ៉ាម៉ុងរិទ្ធី ក្នុងនាមជាអ្នកខិតខំដាំដើមអាកាស្យាទាំងនោះ។
នៅក្នុងសំណេររបស់លោកឧកញ៉ាម៉ុងរិទ្ធីបានសរសេរយ៉ាងដូច្នេះថា ព្រឹកថ្ងៃសៅរ៍ ២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មកលេងស្រុកកំណើតបានឡេីងមកដល់លេីប្រាសាទភ្នំជីសូរ ជាទីដែលខ្មែរក្រហមបាននាំយករូបខ្ញុំព្រមទាំងយុវជនចំនួន២៤នាក់ ឱ្យមកវាយបំផ្លាញកុដិ លោក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅក្នងវត្តនេះ រួចហេីយបានចុះមកមេីលប្រាសាទសែនរវាំង និងបានដេីរមេីលទំនប់ប្រឡាយ និងហេដ្ឋារចនាសម្ព័ន្ធជា
ច្រេីនទៀត ដែលខ្ញុំបានសាងសង់ កាលពីឆ្នាំ១៩៩៥- ១៩៩៦ បេីគិតមកដល់ឆ្នាំ២០២៦នេះ៣១ឆ្នាំបានកន្លងផុតទៅហេីយ ខ្ញុំឃេីញមានការឈូសឆាយផ្លូវជាច្រេីនខ្សែព្រមទាំងខ្នងប្រឡាយទឹកផងដែរ ។
លោកឧកញ៉ាសង្កត់ធ្ងន់ថា “អ្វីដែលខ្ញុំមានចម្ងល់ហេីយចង់ឱ្យមានការបកស្រាយនោះគឺ ដេីមអាកាសស្យ៉ាប្រមាណជាប្រាំមួយមុឺនដេីម ដែលខ្ញុំបានដាំនោះ ពេលនេះឃេីញមាននៅសល់តែគល់។ តេីដេីមវាដុតចោលឬលក់? បេីលក់អ្នកណាជាអ្នកលក់? ហេីយយកលុយទៅ ណា ខ្ញុំមិនមានការយល់ទាស់ទៅនិងការអភិវឌ្ឍន៍ទាំង អស់នេះទេ ប៉ុន្តែក៏មិនចង់ឱ្យក្មេងៗជំនាន់ក្រោយៗយកគំរូតាមមនុស្សចាស់រមិលគុណនេះដែរ ។
ក្នុងនាមជាអ្នកដែលខំដាំដើមឈើទាំងនោះ, បើទោះជាមានតម្រូវការយ៉ាងណាក៏ត្រូវសួរនាំ ឬផ្ដល់ដំណឹងជាផ្លូវ ការទៅអ្នកដែលខិតខំដាំដើមឈើនោះដែរ។ អ្វីដែលអាជ្ញាធរស្រុកសំរោង,ខេត្តតាកែវ បានកាប់បំផ្លាញដើមអាកាស្យានេះ ហាក់ដូចជាមើលស្រាល ឬមិនឲ្យតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់លោកឧកញ៉ាម៉ុងរិទ្ធីនោះសោះឡើយ។
បណ្ដាញសារព័ត៌មានពេញចិត្តមេឌា រង់ចាំការបំភ្លឺពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរស្រុកសំរោង៕


