ខេត្តតាកែវ ៖ ព្រឹកថ្ងៃសៅរ៍ ២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង (ថ្នាក់ទី១ ដល់ ថ្នាក់ទី៣) លើកទី២។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូបង្គោលប្រចាំកម្រង ក្នុងការប្រើប្រាស់សម្ភារៈអំណានឲ្យមានប្រសិទ្ធភាព និងសមស្របតាមបរិបទបង្រៀននៅថ្នាក់ដំបូង ដើម្បីលើកកម្ពស់ជំនាញអំណានរបស់សិស្សានុសិស្សឲ្យកាន់តែល្អប្រសើរ។
កម្មវិធីបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាបឋមសិក្សា ហាំង ង៉ោ ស្មៅខ្ញី ស្ថិតក្នុងស្រុកបាទី ដោយមានការចូលរួមពីគ្រូបង្គោល ប្រតិភូពាក់ព័ន្ធ និងមន្ត្រីអប់រំជាច្រើនរូប។ ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានផ្តល់អនុសាសន៍ដល់អ្នកចូលរួមឲ្យយកចិត្តទុកដាក់សិក្សា និងអនុវត្តចំណេះដឹងដែលទទួលបាន ដើម្បីធានាថាការបង្រៀនអំណានមានគុណភាព និងឆ្លើយតបតាមគោលនយោបាយអប់រំជាតិ។
វគ្គបណ្តុះបណ្តាលនេះក៏ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងបន្តរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងការលើកកម្ពស់គុណភាពអប់រំជាពិសេសនៅកម្រិតបឋមសិក្សា ដែលជាគ្រឹះសម្រាប់ការសិក្សាបន្តរបស់សិស្សានុសិស្ស៕


