បាត់ព្រះអង្គខ្មៅជាង២៥ខែ សំណុំរឿងបិទ ប៉ុន្តែមន្ទិលមិនបិទ នៅស្រុកអង្គស្នួល

បាត់ព្រះអង្គខ្មៅជាង២៥ខែ សំណុំរឿងបិទ ប៉ុន្តែមន្ទិលមិនបិទ នៅស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ ករណីបាត់ព្រះអង្គខ្មៅមួយអង្គពីវត្តចែងម៉ែង ស្ថិតក្នុងឃុំលំហាច ស្រុកអង្គស្នួល កន្លងផុតទៅជាង២៥ខែហើយ ប៉ុន្តែមិនទាន់មានពន្លឺច្បាស់លាស់ណាមួយពីលទ្ធផលនៃការស៊ើបអង្កេតឡើយ។ ព្រះតេជគុណ ឈឹម កេត ព្រះចៅអធិការវត្តបានមានសង្ឃដីកាបញ្ជាក់ថា សំណុំរឿងត្រូវបានបិទ ដោយសារសមត្ថកិច្ចរកមិនឃើញតម្រុយ បន្ទាប់ពីស្រាវជ្រាវអស់រយៈពេលជាង១ឆ្នាំ។

ព្រះអង្គក៏បានបញ្ជាក់ថា ព្រះអង្គដែលបាត់ មិនមែនធ្វើពីសំរឹទ្ធទេ ប៉ុន្តែធ្វើពីលង្ហិន និងសារធាតុផ្សេងៗ ហើយបល្ល័ង្គនៅតែស្ថិតនៅក្នុងវត្តដដែល។ ទោះជាយ៉ាងណា ព្រះអង្គខ្មៅមិនទាន់ត្រូវបានរកឃើញឡើយ ហើយស្ថានការណ៍នេះក៏មិនបានបញ្ចប់ពីការព្រួយបារម្ភរបស់ប្រជាពុទ្ធបរិស័ទនោះទេ។

ជាក់ស្តែង ប្រជាពុទ្ធបរិស័ទចំណុះជើងវត្តនៅតែបន្តទទូចឲ្យមានការស៊ើបអង្កេតឡើងវិញ ដោយពួកគេមើលឃើញថា ករណីនេះមិនត្រូវបានដោះស្រាយយ៉ាងស៊ីជម្រៅឡើយ។ ការអះអាងថា កាមេរ៉ាសុវត្ថិភាព “ខូច” នៅពេលកើតហេតុ ក៏ជាចំណុចមួយដែលបន្ថែមការសង្ស័យ និងតម្រូវឲ្យមានការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់។

សាធារណជនបានលើកឡើងថា ករណីនេះបានបង្ហាញពីភាពអសកម្ម និងកម្រិតសមត្ថភាពមានកំណត់របស់អាជ្ញាធរមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ដែលគួរតែមានតួនាទីសំខាន់ក្នុងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស។ ការស៊ើបអង្កេតដែលមិនស៊ីជម្រៅ ហើយបញ្ចប់ដោយការបិទសំណុំរឿង បង្កើតសំណួរថា តើនេះជាការខ្វះសមត្ថភាពពិតប្រាកដ ឬជាការខ្វះឆន្ទៈក្នុងការស្វែងរកការពិត?

លើសពីនេះ ក៏មានការលើកឡើងពី “ការទទួលខុសត្រូវ” យ៉ាងច្បាស់។ ការបាត់បង់វត្ថុបុរាណសាសនាមួយដែលមានតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រខ្ពស់ មិនអាចបញ្ចប់ដោយការស្ងាត់ស្ងៀម ឬគ្មានអ្នកទទួលខុសត្រូវបានឡើយ។

ជាមួយគ្នានេះ មហាជនក៏បានលើកជាចម្ងល់ថា៖ “តើសុវត្ថិភាពនៅភូមិ ឃុំ មាននៅឯណា?” បើសូម្បីតែវត្តអារាម ដែលជាកន្លែងសក្ការៈបូជា និងគោរពជាទីបំផុត នៅតែមិនអាចការពារបាន នោះការធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទូទៅ នឹងក្លាយជាបញ្ហាធំមួយដែលត្រូវគិតពិចារណាឡើងវិញ។

ដើម្បីស្ដារឡើងវិញនូវទំនុកចិត្តសាធារណៈ អាជ្ញាធរថ្នាក់ខេត្ត និងស្ថាប័នពាក់ព័ន្ធគួរតែចូលរួមពិនិត្យឡើងវិញលើសំណុំរឿងនេះ បង្កើនប្រសិទ្ធភាពស៊ើបអង្កេត និងបង្ហាញភាពទទួលខុសត្រូវឲ្យបានច្បាស់លាស់។ ព្រោះការស្វែងរកព្រះអង្គមិនមែនជាការស្វែងរកវត្ថុធម្មតាទេ ប៉ុន្តែជាការការពារ និងថែរក្សាតម្លៃវប្បធម៌ជាតិដែលមិនអាចបាត់បង់ដោយគ្មានចម្លើយបានឡើយ៕

img 20260415 093158 796 img 20260415 141733 311 img 20260415 093116 468 img 20260415 091905 527 20260415 091113 img 20260415 091857 401

Scroll to Top