សំណង់អត់ច្បាប់កំពុងកើនឡើង បន្តបន្ទាប់នៅស្រុកកណ្ដាលស្ទឹង៖ អាជ្ញាធរគួរចុះពិនិត្យជាបន្ទាន់ មុនបង្កបញ្ហាធ្ងន់ធ្ងរ!

សំណង់អត់ច្បាប់កំពុងកើនឡើង បន្តបន្ទាប់នៅស្រុកកណ្ដាលស្ទឹង៖ អាជ្ញាធរគួរចុះពិនិត្យជាបន្ទាន់ មុនបង្កបញ្ហាធ្ងន់ធ្ងរ!

ខេត្តកណ្ដាល៖ បញ្ហាសំណង់សង្ស័យអត់ច្បាប់កំពុងក្លាយជាប្រធានបទក្តៅមួយនៅក្នុងភូមិភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខណៈប្រជាពលរដ្ឋក្នុងតំបន់បានរាយការណ៍ និងសង្កេតឃើញថា មានសំណង់ជាច្រើនកន្លែងកំពុងត្រូវបានសាងសង់ឡើងយ៉ាងសកម្ម ដោយមិនមានភាពច្បាស់លាស់អំពីលិខិតអនុញ្ញាត និងការគោរពនីតិវិធីច្បាប់។

តាមប្រភពពីប្រជាពលរដ្ឋ សំណង់ខ្លះកើតឡើងលើដីដែលមិនទាន់មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ ខណៈសំណង់មួយចំនួនផ្សេងទៀតសង្ស័យថាមិនបានឆ្លងកាត់ការអនុញ្ញាតបច្ចេកទេស និងការត្រួតពិនិត្យពីមន្ត្រីជំនាញ។ ស្ថានភាពនេះកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពសំណង់ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពនៅក្នុងមូលដ្ឋាន។

ក្នុងបរិបទនៃការអភិវឌ្ឍលឿននៅខេត្តកណ្ដាល បញ្ហាសំណង់គ្មានច្បាប់មិនមែនជាករណីដាច់ដោយឡែកនោះទេ។ ករណីជាក់ស្តែងកន្លងមក បង្ហាញថា អាជ្ញាធរមួយចំនួនបានអនុវត្តវិធានការយ៉ាងតឹងរឹង។ ឧទាហរណ៍ នៅក្រុងអរិយក្សត្រ អាជ្ញាធរបានចុះបិទការដ្ឋានសំណង់មួយភ្លាមៗ បន្ទាប់ពីរកឃើញថា សាងសង់ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។ ដូចគ្នានេះផងដែរ នៅស្រុកស្អាង មន្ត្រីថ្នាក់ខេត្តក៏បានចុះពិនិត្យ និងផ្អាកសំណង់ដែលរំលោភច្បាប់ដោយមិនយឺតយ៉ាវ។

ជាមួយគ្នានេះ លោក អ៊ូច សាវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានប្រាប់អ្នកសារព័ត៌មានថា អាជ្ញាធរបានរកឃើញករណីមួយរួចហើយ ហើយកំពុងបន្តស្វែងរកបន្ថែមទៀត ដោយបញ្ជាក់ថា ប្រសិនបើរកឃើញសំណង់ណាគ្មានច្បាប់ នឹងចុះធ្វើកំណត់ហេតុ និងផ្អាកការដ្ឋានតាមនីតិវិធីច្បាប់។

ចំណែកលោកណាំ វុទ្ធី ប្រធានភូមិបាលស្រុកប៉ុណ្ណាស្ទឹង មិនបានអត្ថាធិប្បាយច្រើនទេពាក់ព័ន្ធនឹងករណីខាងលើនេះ  ដែលគ្រាន់តែលោកគ្មានប្រសាសន៍ថាកំពុងតែឆែកមើល ព្រោះសំណង់ខាងលើនេះ ធ្វើពីរទៅបីឆ្នាំហើយ គេធ្វើបន្តិចម្ដងៗ ចាំបានលទ្ធផលយ៉ាងណាលោកហ្នឹងជម្រាបនៅពេលក្រោយ។

ទោះជាយ៉ាងណា សំណួរដែលសាធារណជនកំពុងចាប់អារម្មណ៍គឺ៖ តើវិធានការនេះនឹងអនុវត្តបានយ៉ាងមានប្រសិទ្ធភាព និងតម្លាភាពដូចការអះអាងដែរឬទេ? ឬក៏នៅមានភាពយឺតយ៉ាវ ឬមិនស្មើភាពក្នុងការអនុវត្តច្បាប់ ដែលអាចបង្កឲ្យមានការសង្ស័យពីសាធារណជន?

មហាជនបានលើកឡើងថា បញ្ហាសំណង់អត់ច្បាប់មិនត្រឹមតែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាអភិបាលកិច្ចផងដែរ។ ប្រសិនបើអាជ្ញាធរមិនអនុវត្តច្បាប់យ៉ាងតឹងរឹង និងស្មើភាព នោះវាអាចបង្ក គ្រោះថ្នាក់សំណង់ និងគ្រោះថ្នាក់ជីវិតប្រជាពលរដ្ឋ ជម្លោះដីធ្លីកើនឡើង ការបំពានលើផែនការអភិវឌ្ឍ និងសំណង់ទីក្រុង ការបាត់បង់ទំនុកចិត្តពីសាធារណជនចំពោះអាជ្ញាធរ។

ប្រភពពីអ្នកយល់ដឹងរឿងសំណង់បានឱ្យដឹងថា ដើម្បីទប់ស្កាត់បញ្ហានេះ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញគួរចុះពិនិត្យសំណង់ទាំងអស់ក្នុងតំបន់ដោយទូលំទូលាយ និងជាបន្ទាន់

ផ្អាក ឬបិទការដ្ឋានសំណង់ដែលមិនមានលិខិតអនុញ្ញាតត្រឹមត្រូវ បង្ហាញលទ្ធផលនៃការត្រួតពិនិត្យជាសាធារណៈ ដើម្បីធានាតម្លាភាព អនុវត្តច្បាប់ដោយស្មើភាព គ្មានការលើកលែង ឬអភ័យឯកសិទ្ធិ។

ប្រជាពលរដ្ឋបានលើកឡើងថា ការអភិវឌ្ឍគួរត្រូវធ្វើឡើងក្រោមច្បាប់ និងវិន័យ ដើម្បីធានាបាននូវការរីកចម្រើនប្រកបដោយចីរភាព មិនមែនជាការរីកចម្រើនដែលបង្កបញ្ហាថ្មីៗ ឬបំផ្លាញសណ្តាប់ធ្នាប់សង្គមនោះឡើយ។

ជុំវិញបញ្ហាសំណង់អត់ច្បាប់នេះ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាននៅតែរង់ចាំមើលសកម្មភាពជាក់ស្តែងពីអាជ្ញាធរ មិនត្រឹមតែសម្តីប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តផ្ទាល់ ដើម្បីបញ្ឈប់បញ្ហាសំណង់អត់ច្បាប់មុននឹងវាក្លាយជាបញ្ហាធំធេង និងពិបាកគ្រប់គ្រងនៅពេលអនាគត៕

videocapture 20260401 084919 videocapture 20260401 084455 videocapture 20260401 084500 img 20260401 084245 552

Scroll to Top